យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា អេត្យូពី សង់ជំរំសម្ងាត់មួយដើម្បីបណ្តុះបណ្តាលយុទ្ធជនរាប់ពាន់នាក់ សម្រាប់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF របស់ស៊ូដង់ ដែលនៅជិតខាង នៅក្នុងសញ្ញាចុងក្រោយបំផុតដែលបង្ហាញថា ជម្លោះដ៏បង្ហូរឈាមបំផុតមួយរបស់ពិភពលោក កំពុងស្រូបទាញមហាអំណាចក្នុងតំបន់ ពីទ្វីបអាហ្វ្រិកនិងមជ្ឈិមបូព៌ា។

ជំរំនេះជាភស្តុតាងដោយផ្ទាល់ដំបូងបំផុត នៃការជាប់ពាក់ព័ន្ធរបស់ប្រទេសអេត្យូពី ក្នុងសង្គ្រាមស៊ីវិលស៊ូដង់ និងបង្ហាញពីការវិវឌ្ឍដ៏គ្រោះថ្នាក់មួយដែលផ្តល់ឱ្យកងកម្លាំង RSF នូវការផ្គត់ផ្គង់ទាហានថ្មីយ៉ាងច្រើន ស្របពេលការប្រយុទ្ធគ្នាកាន់តែឡើងកម្ដៅនៅភាគខាងត្បូងស៊ូដង់។
ប្រភពព័ត៌មានចំនួន៨ រួមទាំងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អេត្យូពីម្នាក់ បាននិយាយថា អេមីរ៉ាតអារ៉ាប់រួម ជាអ្នកផ្តល់ហិរញ្ញប្បទានដល់ការសាងសង់ជំរំ និងបានផ្តល់គ្រូបង្វឹកយោធានិងការគាំទ្រផ្នែកភស្តុភារដល់ទីតាំងនោះ ជាបញ្ហាមួយដែលក៏ត្រូវបានចែករំលែកក្នុងកំណត់ចំណាំផ្ទៃក្នុង ដោយសេវាសន្តិសុខអេត្យូពី និងនៅក្នុងបណ្ដាញការទូត ដែលត្រូវបានពិនិត្យដោយសារព័ត៌មានរ៉យទ័រ។ ជាការឆ្លើយតបលើបញ្ហានេះ ក្រសួងការបរទេសអារ៉ាប់រួមនិយាយថា ខ្លួនមិនមែនជាភាគីនៃជម្លោះ ឬ «ពាក់ព័ន្ធតាមមធ្យោបាយណាមួយ» នៅក្នុងអរិភាពនោះទេ។
សង្គ្រាមស៊ីវិលនៅស៊ូដង់ បានផ្ទុះឡើងនៅឆ្នាំ២០២៣ ដោយសារការតស៊ូដណ្តើមអំណាចរវាងកងកម្លាំងប្រដាប់អាវុធជាតិស៊ូដង់ និងកងកម្លាំងយោធាប៉ារ៉ា RSF មុនពេលការផ្លាស់ប្តូរដែលបានគ្រោងទុក ទៅជាការគ្រប់គ្រងស៊ីវិល។ ជម្លោះបានបណ្ដាលឱ្យមានគ្រោះទុរ្ភិក្ស និងអំពើឃោរឃៅរើសអើងជាតិសាសន៍។ ជនភៀសខ្លួនរាប់លាននាក់បានរត់គេចទៅកាន់អេហ្ស៊ីប ឆាដ លីប៊ី និងស៊ូដង់ខាងត្បូង។ ភាគីជម្លោះទាំងពីរ ទទួលបានកម្លាំងពីអ្នកគាំទ្រអន្តរជាតិ ដែលជំរុញឱ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរឡើង និងបង្កើនហានិភ័យដែលការប្រយុទ្ធនឹងអាចរាលដាលដល់ប្រទេសជិតខាង៕


