លោក Prasetyo Hadi អ្នកនាំពាក្យរបស់លោកប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto បាននិយាយកាលពីថ្ងៃអង្គារ (១០ កុម្ភៈ) ថា កងកម្លាំងរក្សាសន្តិភាពពហុជាតិ ដែលបានស្នើឡើងសម្រាប់តំបន់ហ្កាហ្សា អាចមានកងទ័ពសរុបប្រហែល ២០.០០០នាក់ ដោយឥណ្ឌូនេស៊ី ប៉ាន់ប្រមាណថា ខ្លួនអាចចូលរួមចំណែករហូតដល់ ៨.០០០នាក់។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះនិយាយថា មិនទាន់មានការព្រមព្រៀងគ្នាលើលក្ខខណ្ឌនៃការដាក់ពង្រាយ ឬតំបន់ប្រតិបត្តិការនៅឡើយទេ។

លោក Prabowo ត្រូវបានអញ្ជើញឱ្យទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅចុងខែនេះ សម្រាប់កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព របស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ កាលពីឆ្នាំមុន ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានប្តេជ្ញាចិត្តក្នុងការត្រៀមបញ្ជូនកងទ័ពចំនួន ២ម៉ឺននាក់ សម្រាប់ការដាក់ពង្រាយក្នុងកងកម្លាំងរក្សាសន្តិភាពហ្កាហ្សា ប៉ុន្តែក៏បាននិយាយថា ខ្លួនកំពុងរង់ចាំព័ត៌មានលម្អិតបន្ថែមអំពីអាណត្តិរបស់កងកម្លាំងនេះ មុនពេលបញ្ជាក់ពីការដាក់ពង្រាយ។
លោក Prasetyo បានប្រាប់អ្នកសារព័ត៌មានថា «ចំនួនសរុបគឺប្រហែល ២ម៉ឺននាក់ (ទូទាំងប្រទេសចូលរួមនានា) ... មិនមែនមានតែឥណ្ឌូនេស៊ីទេ» ដោយបន្ថែមថា ចំនួនកងទ័ពពិតប្រាកដមិនទាន់ត្រូវបានពិភាក្សានៅឡើយ ប៉ុន្តែឥណ្ឌូនេស៊ី ប៉ាន់ប្រមាណថា ខ្លួនអាចផ្តល់ជូនរហូតដល់ ៨ពាន់នាក់។
លោក Prasetyo ក៏បាននិយាយដែរថា នឹងមានការចរចា មុនពេលឥណ្ឌូនេស៊ីបង់ប្រាក់ចំនួន ១ ពាន់លានដុល្លារ សម្រាប់សមាជិកភាពអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិភាព ប៉ុន្តែអ្នកនាំពាក្យរូបនេះមិនបញ្ជាក់ឡើយថា ការចរចានឹងធ្វើឡើងជាមួយអ្នកណា ហើយថា ឥណ្ឌូនេស៊ីក៏មិនទាន់បានបញ្ជាក់ពីការចូលរួមរបស់លោក Prabowo នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព នៅទីក្រុងវ៉ាស៊ីនតោន នោះដែរ៕

