មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃពុធ (១១ កុម្ភៈ) នេះ បានជំរុញឱ្យសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង អនុម័តថវិកាការពារជាតិពិសេសចំនួន ៤០ ពាន់លានដុល្លាររបស់លោក ដែលកំពុងតែជាប់គាំង ដោយនិយាយថា ព្រោះតែកម្រិតនៃហានិភ័យកើនឡើង ការពង្រឹងផ្នែកយោធាមិនអាចរង់ចាំទៀតបានទេ។

កាលពីឆ្នាំមុន លោក Lai បានជំរុញវិស័យការពារជាតិរបស់កោះ ដោយស្នើឡើងនូវកញ្ចប់ថវិកាពិសេសចំនួន ៤០ ពាន់លានដុល្លារដ៏ច្រើនលើសលប់ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន ដែលចាត់ទុកកោះនេះថាជាទឹកដីរបស់ខ្លួន។ ប៉ុន្តែផ្ទុយទៅវិញ សភាបានពន្លឿនសំណើផ្ទាល់ខ្លួនដែលមានតម្លៃតិចជាងរបស់លោក Lai ដែលផ្តល់មូលនិធិសម្រាប់តែទិញសព្វាវុធអាមេរិកមួយចំនួនប៉ុណ្ណោះ។

បក្សប្រឆាំងដ៏សំខាន់ គួមីនតាំង (KMT) ដែលអនុប្រធានរបស់ខ្លួនបានទៅទស្សនកិច្ចទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន បាននិយាយថា ខ្លួនគាំទ្រការចំណាយលើវិស័យការពារជាតិ ប៉ុន្តែនឹងមិនចុះហត្ថលេខាលើ «មូលប្បទានប័ត្រគ្មានសាច់ប្រាក់» នោះឡើយ ហើយមានសិទ្ធិត្រួតពិនិត្យយ៉ាងពេញលេញនូវសេចក្ដីស្នើច្បាប់ ដោយស្តីបន្ទោសលោក Lai ចំពោះភាពជាប់គាំងមួយនេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Lai បាននិយាយថា លោកមិនដែលស្នើឱ្យសមាជិកសភាអនុម័តការចំណាយដោយគ្មានលក្ខខណ្ឌនោះទេ ដោយបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលកោះនេះរីករាយក្នុងការផ្តល់នូវការពន្យល់លម្អិតអំពីផែនការរបស់ខ្លួន។ លោកបន្តថា៖ ឥឡូវនេះ ខណៈដែលសម្ពាធពីខាងក្រៅបន្តកើនឡើង ការកសាងកម្លាំងកាន់តែមានភាពបន្ទាន់៕