នៅថ្ងៃសែនដកជើងធូប ត្រៀមរៀបចំសម្រាប់ពិធីបុណ្យចូលឆ្នាំចិន នៅដើមសប្ដាហ៍ក្រោយនេះ ពលរដ្ឋខ្មែរ មានសែស្រឡាយចិនបាននាំគ្នាទិញគ្រឿងរណ្តាប់សែនព្រេននៅតាមបណ្តាផ្សារ និងកន្លែងលក់ដូរនានាបើទោះឆ្នាំនេះមាននិន្នាការនៃការបន្ថយចំណាយរបស់ពួកគេក្ដី។
ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី លោក ឡយ ស៊ាងអាង បានឱ្យដឹងថា ទន្ទឹមនឹងការមកទិញអីវ៉ាន់ ទំនិញ ម្ហូបអាហារ និងគ្រឿងរណ្តាប់សែន កាន់តែច្រើនឡើងជាប្រចាំថ្ងៃនោះ គណៈកម្មការផ្សារ បាន បង្កើនការយកចិត្តទុកដាក់ តាមរយៈការរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈល្អ ប្រសើរជូនបងប្អូនប្រជាពលរដ្ឋជាភ្ញៀវ ។
អាជីវករលក់ជ្រូកខ្វៃ និងគ្រឿងរណ្តាប់សែននានា ក្នុងផ្សារអូរឫស្សី បានឲ្យដឹងថា ក្នុងថ្ងៃសែនដកជើងធូប តាមប្រពៃណីបុណ្យចូលឆ្នាំចិននេះ ប្រជាពលរដ្ឋកាត់ចិនជាច្រើន នៅតែបន្តការអញ្ជើញមកទិញ មិនខុសពីឆ្នាំ មុន ដែរ តែមានការកត់សម្គាល់នៃការបន្ថយការចំណាយរបស់ពលរដ្ឋ។ ចំពោះតម្លៃទំនិញ ពុំត្រូវបានដំឡើងនោះទេ។
គួរបញ្ជាក់ថា បុណ្យសែនចូលឆ្នាំចិន នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ ដែលជាពេលវេលា ដែលបងប្អូនខ្មែរកាត់ខ្សែស្រឡាយសិន តែងតែចាត់ទុកជាថ្ងៃសំខាន់ ក្នុងការរៀបចំសែនព្រេន ជូនជីដូនជីតា ដើម្បីសុំលាភពរជ័យ និងសេចក្តីសុខចម្រើន ទាំងការរកស៊ីទទួលទាន និងការរស់នៅ៕ អត្ថបទ៖ លីហេង










