វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់ក្រិក Maria Sakkari បានឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ នៃព្រឹត្តិការណ៍វាយកូនបាល់ ATP Indian Wells នៅសហរដ្ឋអាមេរិកដែលនឹងត្រូវជួបជាមួយកីឡាការិនីអេស្ប៉ាញ Paula Badosa។ Maria Sakkari បានយកឈ្នះកីឡាការិនីកាហ្សាក់ស្ថាន Elena Rybakina ដោយលទ្ធផល ៧-៥ និង ៦-៤។

Sakkari ចាប់ផ្តើមសិតដំបូងដោយត្រូវ Rybakina នាំមុខ ៤-១ តែកំហុសរបស់ Rybakina ជាបន្តបន្ទាប់ធ្វើឱ្យ Sakkari តាមពីក្រោយយកឈ្នះសិតដំបូង ៧-៥ មុនបន្តយកឈ្នះនៅសិតទីពីរ ៦-៤។ នេះជាការឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី២០ ក្នុងអាជីពរបស់កីឡាការិនីក្រិក Maria Sakkari ដែលនឹងត្រូវជួបជាមួយកីឡាការិនីការពារតំណែងជើងឯក Paula Badosa។ កីឡាការិនីអេស្ប៉ាញ Paula Badosa បានយកឈ្នះកីឡាការិនីរុស្ស៊ី Veronika Kudermetova មិនជាតានតឹងប៉ុន្មានឡើយក្នុងលទ្ធផល ៦-៣ និង ៦-២។ Paula Badosa បានក្លាយជាកីឡាការិនីទី១ ដែលឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ Indian Wells នេះពីរឆ្នាំជាប់គ្នារាប់តាំងពីឆ្នាំ២០១៦ និង ២០១៧ ដែលធ្វើបានដោយ Karolina Pliskova៕
អត្ថបទ៖នាង សុភាវុធ