អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃពុធនេះថា មនុស្សជាង ៩៤ លាននាក់ កំពុងទទួលរងការឈឺចាប់ពីជំងឺភ្នែកឡើងបាយ ប៉ុន្តែពាក់កណ្តាលនៃពួកគេ មិនមានលទ្ធភាពទទួលបានការវះកាត់ដែលត្រូវការ ដើម្បីព្យាបាលវាទេ។
ជំងឺភ្នែកឡើងបាយ ដែលធ្វើឲ្យកញ្ចក់ភ្នែកស្រអាប់ ដោយបណ្តាលឲ្យការមើលឃើញមិនច្បាស់ និងអាច នាំឲ្យងងឹតភ្នែក កំពុងកើនឡើង នៅពេលដែលប្រជាជនកាន់តែមានវ័យចំណាស់ ដោយអាយុជាកត្តាហានិ ភ័យចម្បង។
អង្គការសុខភាពពិភពលោក បាននិយាយថា៖«ការវះកាត់ភ្នែកឡើងបាយ ដែលជានីតិវិធីសាមញ្ញ មានរយៈពេល ១៥នាទី គឺជានីតិវិធីវេជ្ជសាស្ត្រមួយក្នុងចំណោមនីតិវិធីវេជ្ជសាស្ត្រដែលចំណាយតិចបំផុត ដែលផ្តល់នូវការស្តារឡើងវិញនូវការមើលឃើញភ្លាមៗ និងយូរអង្វែង»។

ការវះកាត់ភ្នែកឡើងបាយនេះ ត្រូវបានធ្វើឡើងញឹកញាប់បំផុត នៅក្នុងប្រទេសដែលមានចំណូលខ្ពស់។
ទោះជាយ៉ាងណាក៏ដោយ លោក Stuart Keel ដែលជាអ្នកដឹកនាំបច្ចេកទេសរបស់ទីភ្នាក់ងារសុខភាពUN សម្រាប់ការថែទាំភ្នែក បាននិយាយថា៖«ពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកដែលត្រូវការការវះកាត់ភ្នែកឡើងបាយ មិនមានលទ្ធភាពទទួលបានការវះកាត់ទេ។
អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ស្ថានភាពនេះ គឺកាន់តែអាក្រក់នៅក្នុងតំបន់អាហ្វ្រិក ជាកន្លែងដែលមនុស្សបីនាក់ក្នុងចំណោមបួននាក់ដែលត្រូវការការវះកាត់ភ្នែកឡើងបាយ នៅតែមិនទាន់បាន ព្យាបាលនៅឡើយ៕
