ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា កម្ពុជារំពឹងថា នឹងអាចស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែលម្អនូវជន្ទល់សេដ្ឋកិច្ចសំខាន់ៗ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នឹងការស្វែងរកជន្ទល់ថ្មីប្រកបដោយសក្តានុពលពីវិស័យផ្សេងៗ។
ការថ្លែងរបស់សម្តេចតេជោ យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន៥សែន២ម៉ឺន៣ពាន់ដូសពីរដ្ឋាភិបាលនិងប្រជាជនហុងគ្រី ជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ១៨ មីនានេះ។
សម្តេច បានបង្ហាញមោទនភាពថា តាមរយៈការខិតខំការពារទប់ស្កាត់ជាពិសេសការចាក់ស្រោចវ៉ាក់សាំងការពារកូវីដ១៩ បានអនុញ្ញាតឲ្យកម្ពុជាបើកប្រទេសឡើងវិញ និងរក្សាកិច្ចការនៃសកម្មភាពសង្គមសេដ្ឋកិច្ចពេញលេញលើគ្រប់វិស័យ ទោះបីជាការឆ្លងរាលដាលចូលក្នុងសហគមន៍នឹងបន្តមានក៏ដោយ។
សម្តេចតេជោគូសបញ្ជាក់ទៀតថា បើទោះបីជាវិស័យទេសចរណ៍នៅមិនទាន់ងើបឡើងវិញ ក៏វិស័យសំខាន់ៗមួយចំនួនបាននិងកំពុងស្ដានិងជំរុញដំណើរការជាប្រក្រតីឡើងវិញដែលជាលទ្ធផលកម្ពុជារំពឹងថា នឹងធានាបាននៅកំណើនវិជ្ជមានកម្រិតប្រមាណ ៣ភាគរយនៅឆ្នាំ ២០២១ នឹងបន្តកើនឡើងលើស ៥ភាគរយនៃឆ្នាំ ២០២២។
ជាមួយគ្នានេះភាពមិនប្រាកដប្រជានៅមានបន្តក្នុងកម្រិតគួរឱ្យបារម្ភដោយសារការកើនឡើងនូវបញ្ហាប្រឈមនានាផ្សេងទៀត ជាក់ស្ដែងជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ីនិងអាចជះឥទ្ធិពលអវិជ្ជមានលើកំណើនសេដ្ឋកិច្ចសកលនឹងសេដ្ឋកិច្ចកម្ពុជាប្រសិនបើជម្លោះនេះនៅបន្តអូសបន្លាយទៅមុខទៀត។ក្នុងន័យនេះ កម្ពុជាបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមទាំងនេះដើម្បីរៀបចំគោលនយោបាយនិងដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់ឱ្យបានទាន់ពេលវេលា៕




