មន្ត្រីមកពីប្រទេសទាំងពីរ បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា លីបង់ និងហ្ស៊កដានី កំពុងស្វែងរកដំណោះស្រាយជាមួយស៊ីរី បន្ទាប់ពីប្រទេសនេះ ហាមឃាត់រថយន្តដឹកទំនិញបរទេសមិនឲ្យចូលទៅក្នុងទឹកដីរបស់ខ្លួន។
ទីក្រុងដាម៉ាសបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃសៅរ៍ ដោយចែងថា «រថយន្តដឹកទំនិញដែលមិនមែនជារបស់ស៊ីរី នឹងមិនត្រូវបានអនុញ្ញាតឲ្យចូល» ប្រទេសនេះទេ ហើយទំនិញដែលនាំចូលតាមផ្លូវគោកត្រូវតែផ្ទុកនៅចំណុចជាក់លាក់នៅច្រកព្រំដែន។

សេចក្តីសម្រេចនេះ លើកលែងរថយន្តដឹកទំនិញដែលឆ្លងកាត់ប្រទេសស៊ីរី ទៅកាន់ប្រទេសដទៃទៀត។
អ្នកថតរូប AFP ម្នាក់ បានឃើញរថយន្តដឹកទំនិញរាប់សិបគ្រឿងដែលមិនអាចចូលប្រទេសនេះ តម្រង់ជួរ នៅខាងលីបង់នៃច្រកព្រំដែន Masnaa កាលពីថ្ងៃអង្គារ។
លោក Ahmad Tamer ប្រធានផ្នែកដឹកជញ្ជូនផ្លូវគោក និងផ្លូវសមុទ្រនៅក្រសួងដឹកជញ្ជូនលីបង់ បានប្រាប់ AFP ថា ការពិភាក្សាកំពុងដំណើរការជាមួយទីក្រុងដាម៉ាសអំពីការសម្រេចចិត្តនេះ។
លោកបាននិយាយថា បញ្ហានេះមិនមែនផ្តោតលើប្រទេសលីបង់ជាក់លាក់ទេដែលកំពុងព្យាយាមកំណត់ទំនាក់ទំនងជាមួយទីក្រុងដាម៉ាសឡើងវិញ បន្ទាប់ពីការដួលរលំរបបរបស់លោក បាសា អាល់សាដ ដោយបន្ថែមថា លោកសង្ឃឹមថា នឹងរៀបចំកិច្ចប្រជុំជាមួយភាគីស៊ីរី ក្នុងពេលឆាប់ៗនេះ។
យោងតាមលោក Tamer ប្រទេសលីបង់បញ្ជូនរថយន្តដឹកទំនិញប្រហែល ៥០០ គ្រឿង ទៅកាន់ប្រទេសស៊ីរី ក្នុងមួយថ្ងៃ៕
