ប្រមុខកងទ័ពជនជាតិភាគតិចដ៏មានឥទ្ធិពលមួយក្រុមរបស់សហភាពមីយ៉ាន់ម៉ា បាននិយាយក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បណ្ដាមេដឹកនាំពិភពលោក មិនអើពើនឹងកំណើននៃការវាយប្រហារតាមអាកាសដ៏បង្ហូរឈាមលើជនស៊ីវិលពីសំណាក់របបសឹកដែលកំពុងកាន់អំណាច នោះទេ ដោយបន្ថែមថា មានតែប្រទេសចិនប៉ុណ្ណោះដែលជួយដោះស្រាយនៅក្នុងជម្លោះនេះ។
ការលើកឡើងនេះកើតមានត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតដែលធ្វើឡើងដោយរបបសឹកមីយ៉ាន់ម៉ា ដែលបានពង្រឹងការក្ដោបក្តាប់អំណាចរបស់យោធាកាន់តែខ្លាំងឡើង។ ថ្លែងនៅមូលដ្ឋានលើកំពូលភ្នំរបស់ខ្លួន លោកឧត្តមសេនីយ៍ Yawd Serk ដែលជាប្រធានក្រុមប្រឹក្សាស្តាររដ្ឋសាន (RCSS) បាននិយាយថា៖ «ជនស៊ីវិលកំពុងរងទុក្ខវេទនា ហើយលោកចង់ឱ្យសហគមន៍អន្តរជាតិកុំព្រងើយកន្តើយនឹងរឿងនេះ»។

លោកបន្តថា ពិភពលោកមិនអាចបញ្ឈប់ភាពចលាចល ខណៈយោធាបានបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែកនៅទូទាំងប្រទេស ដោយលើកឡើងពីការវាយប្រហារតាមអាកាសលើទីតាំងជនស៊ីវិលជាង ១.០០០ កន្លែងក្នុងពេល ១៥ ខែ នេះបើយោងតាមទិន្នន័យពីអង្គការឃ្លាំមើលសន្តិភាពមីយ៉ាន់ម៉ា (MPM)។ លោកសង្កត់ធ្ងរថា៖ មានប្រទេសមួយដែលជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា នោះគឺប្រទេសចិន ហើយមានតែចិនប៉ុណ្ណោះ។
ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិន «បានដើរតួនាទីស្ថាបនាជាយូរមកហើយនៅក្នុងដំណើរការសន្តិភាពក្នុងស្រុក និងការផ្សះផ្សាជាតិ ដោយទទួលបានការទទួលស្គាល់ពីគ្រប់ផ្នែកនៃសង្គមមីយ៉ាន់ម៉ា និងសហគមន៍អន្តរជាតិ»៕

