ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មានបំណងប្រកាសផែនការបោះឆ្នោតប្រធានាធិបតី និងការធ្វើប្រជាមតិនៅថ្ងៃទី២៤ ខែកុម្ភៈ ពោលគឺជាថ្ងៃគម្រប់ខួប ៤ឆ្នាំនៃសង្រ្គាមរបស់រុស្ស៊ី លើអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់កាសែត Financial Times (FT) នៅថ្ងៃពុធ ទី១១ ខែកុម្ភៈ នេះ ដកស្រង់សម្តីមន្ត្រីអ៊ុយក្រែន និងអឺរ៉ុប ដែលពាក់ព័ន្ធនឹងការរៀបចំផែនការបោះឆ្នោត។
កាលពីសប្តាហ៍មុន ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ រាយការណ៍ថា នៅក្រោមក្របខណ្ឌមួយដែលកំពុងត្រូវបានពិភាក្សាដោយអ្នកចរចាអាមេរិក-អ៊ុយក្រែន កិច្ចព្រមព្រៀងសន្តិភាពណាមួយនឹងត្រូវដាក់ជូនដើម្បីធ្វើប្រជាមតិដោយម្ចាស់ឆ្នោតអ៊ុយក្រែន ហើយពលរដ្ឋអ៊ុយក្រែន ក៏នឹងបោះឆ្នោតក្នុងពេលដំណាលគ្នានៅក្នុងការបោះឆ្នោតជាតិផងដែរ។ របាយការណ៍បន្ថែមថា ក្រុមមន្ត្រីបានពិភាក្សាពីលទ្ធភាពដែលការបោះឆ្នោតជាតិ និងការធ្វើប្រជាមតិ អាចនឹងកើតឡើងនៅខែឧសភា ឆ្នាំ២០២៦ នេះ។

កាសែត FT បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែន និងលោកខាងលិចថា ឥឡូវនេះ អ៊ុយក្រែនបានចាប់ផ្តើមរៀបចំផែនការបោះឆ្នោតប្រធានាធិបតីរួចហើយ រួមជាមួយនឹងការធ្វើប្រជាមតិលើកិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយរុស្ស៊ី។
ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន រាយការណ៍ថា រដ្ឋបាលអាមេរិក ទាមទារឱ្យការបោះឆ្នោតទាំងពីរត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បើមិនដូច្នោះទេ អ៊ុយក្រែនអាចបាត់បង់ការធានាសន្តិសុខពីទីក្រុងវ៉ាស៊ីនតោន។ គួរឱ្យដឹងថា ដើមឡើយ ប្រសិនបើពុំមានសង្គ្រាមទេ ការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែន ត្រូវបានសន្មត់ថានឹងធ្វើឡើងតាំងតែពីឆ្នាំ ២០២៤ មកម្ល៉េះ ប៉ុន្តែច្បាប់អាជ្ញាសឹកដែលបានដាក់ដោយសារតែសង្រ្គាម បានរារាំងរឿងនេះមិនឱ្យកើតឡើង៕

