ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការណាតូ លោក Matthew Whitaker បាននិយាយនៅថ្ងៃអង្គារ (១០ កុម្ភៈ) ថា សហរដ្ឋអាមេរិករំពឹងថា រដ្ឋជាសមាជិកអង្គការណាតូ នឹងប្រកាសពីការសន្យាថ្មីរបស់ពួកគេ ក្នុងការទិញសព្វាវុធរបស់អាមេរិក សម្រាប់អ៊ុយក្រែន ក្រោមកម្មវិធីបញ្ជីតម្រូវការអាទិភាពរបស់អ៊ុយក្រែន (PURL) នៅពេលបណ្ដារដ្ឋមន្ត្រីការពារជាតិណាតូ ជួបប្រជុំគ្នានៅទីក្រុងព្រុចសែល នៅថ្ងៃទី១២ ខែកុម្ភៈ សប្ដាហ៍នេះ។
ព័ត៌មានថ្មីៗអំពីមូលនិធិ ទាក់ទងនឹងគំនិតផ្តួចផ្តើម PURL ក៏ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅក្នុងជំនួបទីក្រុងព្រុចសែលផងដែរ ដែលតាមរយៈកម្មវិធីនោះ សម្ព័ន្ធមិត្តអឺរ៉ុប និងសម្ព័ន្ធមិត្តណាតូផ្សេងទៀតទិញអាវុធដែលផលិតនៅសហរដ្ឋអាមេរិក សម្រាប់ផ្គត់ផ្គង់ឱ្យអ៊ុយក្រែន។

លោក Whitaker បាននិយាយថា «ក្នុងពេលប្រហែល ៦ខែចាប់តាំងពីការដាក់ឱ្យដំណើរការ សម្ព័ន្ធមិត្តបានសន្យាថា នឹងទិញអាវុធអាមេរិកជាង ៤,៥ ពាន់លានដុល្លារ ដើម្បីដោះស្រាយតម្រូវការសមរភូមិបន្ទាន់របស់អ៊ុយក្រែន ហើយទីក្រុងវ៉ាស៊ីនតោនរំពឹងថា នឹងមានការប្រកាសបន្ថែមទៀតនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសប្ដាហ៍នេះ»។
អំឡុងទស្សនកិច្ចនៅអ៊ុយក្រែនកាលពីពេលកន្លងទៅ ប្រមុខអង្គការណាតូ លោក Mark Rutte បានសន្យាក្នុងថា លោកនឹងស្វែងរកថវិកាជាង ១៥ ពាន់លានដុល្លារអាមេរិក ដើម្បីទិញអាវុធឱ្យកងកម្លាំងអ៊ុយក្រែន ក្រោមកម្មវិធី PURL។ លោក Rutte ក៏បាននិយាយផងដែរថា មីស៊ីលដល់ទៅ ៩០% ដែលអ៊ុយក្រែនប្រើប្រាស់សម្រាប់ការពារដែនអាកាស គឺបានមកតាមរយៈកម្មវិធីគំនិតផ្ដួចផ្ដើមមួយនេះ៕

