អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បាននិយាយកាលពីថ្ងៃអង្គារ (១០ កុម្ភៈ) ថា អ៊ីរ៉ង់នឹងផ្តល់ការឆ្លើយតប «ដ៏បំផ្លិចបំផ្លាញ» ប្រសិនបើខ្លួនស្ថិតនៅក្រោមការវាយប្រហារដោយយោធា ខណៈសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនដែលច្រានចោលការទូតនៅក្នុងការដោះស្រាយបញ្ហាជាមួយសហរដ្ឋអាមេរិកនោះទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយមុនពេលជំនួបកំពូលរវាងមេដឹកនាំអ៊ីស្រាអែល-អេមេរិក នៅទីក្រុងវ៉ាស៊ីនតោន លោក Baghaei បានរិះគន់ខ្លាំងៗថា អ៊ីស្រាអែល មានចេតនាលាបពណ៌កម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធីរបស់អ៊ីរ៉ង់ ថាជាអ្វីដែលគេហៅថា «វិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់» និងដើរតួនាទីបែបបំផ្លិចបំផ្លាញនៅក្នុងការចរចាទាំងឡាយដែលអាចកើតមានរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

ការព្រមានថ្មីនេះ បានកើតឡើងខណៈលោកប្រធានាធិបតី Donald Trump នឹងទទួលនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu នៅឯសេតវិមាននៅថ្ងៃពុធ ទី១១ ខែកុម្ភៈ នេះ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) ជាទីដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលត្រូវបានគេរំពឹងថា នឹងជំរុញលោក Trump ឱ្យពង្រីកកិច្ចចរចាជាមួយអ៊ីរ៉ង់ ដើម្បីរួមបញ្ចូលការទប់ស្កាត់ឃ្លាំងអាវុធមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ និងការគំរាមកំហែងសន្តិសុខផ្សេងទៀតដែលហួសពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
នេះគឺជាជំនួបលើកទី៧ ហើយរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោក Trump បានវិលត្រឡប់មកកាន់តំណែងវិញជិត ១៣ខែមុន។ ក្នុងជំនួបនេះ លោក Netanyahu ត្រូវបានរំពឹងថានឹងលើកឡើងពីគំនិតរបស់អ៊ីស្រាអែល ទាក់ទងនឹងបញ្ហាទីក្រុងតេអេរ៉ង់ មុនការពិភាក្សាជុំថ្មីណាមួយរបស់អាមេរិកជាមួយអ៊ីរ៉ង់ បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែរដែលបានធ្វើឡើងនៅអូម៉ង់ កាលពីសប្តាហ៍មុន ស្របពេលភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា៕

