ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានអះអាងជាថ្មីអំពីការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនិងសន្តិភាព ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូង កាលពីថ្ងៃអង្គារ។
យោងតាមសេចក្តីថ្លែងការណ៍ លោក Ramaphosa បានថ្លែងដូច្នេះក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ដែលបានសង្ខេបដល់លោកអំពីការវិវឌ្ឍថ្មីៗនៅក្នុងប្រទេសអ៊ុយក្រែន និងការប្តេជ្ញាចិត្តរបស់រុស្ស៊ីក្នុងការបន្តការដោះស្រាយតាមផ្នែកការទូត។
លោក Ramaphosa បានសង្កត់ធ្ងន់ថា ប្រទេសអាហ្វ្រិកខាងត្បូងបានអះអាងជាយូរមកហើយថា សន្តិភាពយូរអង្វែងអាចទទួលបានតែតាមរយៈការចរចាប៉ុណ្ណោះ។
លោក Ramaphosa បានស្វាគមន៍ចំពោះការចូលរួមជាបន្តបន្ទាប់ក្នុងគោលបំណងជំរុញក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី-អាហ្វ្រិកខាងត្បូង និងបានផ្លាស់ប្តូរទស្សនៈជាមួយលោក Putin លើកិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាគីសំខាន់ៗ ដូចជាក្រុមប្រទេសប្រីក(BRICS) និងក្រុមប្រទេស G 20។