កាលពីថ្ងៃអង្គារ (ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦) បណ្ដាប្រទេសអារ៉ាប់ និងមូស្លីម នៅអង្គការសហប្រជាជាតិ (UN) បានថ្កោលទោសវិធានការដែលទើបអនុម័តថ្មីរបស់អ៊ីស្រាអែល ដែលរឹតបន្តឹងការគ្រប់គ្រងលើតំបន់កាន់កាប់ West Bank។ ប្រជាជាតិទាំងនោះបានព្រមានថា ចំណាត់ការទាំងនេះ ប្រៀបដូចជាជំហានមួយឆ្ពោះទៅរកការបញ្ចូលជាដែនដីឧបសម្ព័ន្ធដោយខុសច្បាប់ និងគំរាមបង្កឲ្យកើតជម្លោះកាន់តែទូលំទូលាយនៅក្នុងតំបន់នេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល បានអនុម័តច្បាប់ថ្មីដែលត្រូវបានបង្កើតឡើង ដើម្បីពង្រឹងដល់ការគ្រប់គ្រងលើដែនដីនេះ ធ្វើឲ្យវាកាន់តែងាយស្រួល សម្រាប់អ្នកតាំងទីលំនៅអ៊ីស្រាអែល ក្នុងការទិញដីនៅទីនោះ និងផ្តល់អំណាចកាន់តែខ្លាំងជាងមុនដល់មន្ត្រីអ៊ីស្រាអែល ក្នុងការអនុវត្តច្បាប់លើប្រជាជនប៉ាឡេស្ទីន។
អំឡុងពេលថ្លែងតាងនាមឲ្យក្រុមប្រទេសអារ៉ាប់ នៅអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតស៊ីរី លោក Ibrahim Olabi បានព្រមានថា វិធានការទាំងនោះ គឺជាការប៉ុនប៉ងដាក់ «អធិបតេយ្យភាពរបស់អ៊ីស្រាអែលដោយខុសច្បាប់» លើដែនដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់។

នៅខាងក្រៅក្រុមប្រឹក្សាសន្តិសុខ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោក Olabi បានបញ្ជាក់ថា៖ «ក្រុមអារ៉ាប់ថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចនេះ និងវិធានការខុសច្បាប់របស់អ៊ីស្រាអែល ដែលមានគោលបំណងដាក់អធិបតេយ្យភាពរបស់អ៊ីស្រាអែលដោយខុសច្បាប់ ពង្រឹងសកម្មភាពតាំងទីលំនៅ និងធ្វើឲ្យក្លាយជាការពិតផ្នែកច្បាប់ និងរដ្ឋបាលថ្មីនៅក្នុងតំបន់កាន់កាប់ West Bank»។
ជាមួយគ្នានេះ ក្រុមប្រទេសអារ៉ាប់ បានព្រមានថា «គោលនយោបាយពង្រីកដែនដី និងវិធានការខុសច្បាប់» របស់អ៊ីស្រាអែលនៅតំបន់ West Bank កំពុងរួមចំណែកដល់ការកើនឡើងនូវអំពើហិង្សា និងអស្ថិរភាពទូទាំងតំបន់៕


