គណៈកម្មការអឺរ៉ុបបានព្រមានកាលពីថ្ងៃអង្គារថា ការធ្វើឲ្យអន្តោប្រវេសន៍ស្របច្បាប់ទ្រង់ទ្រាយធំរបស់ប្រទេសអេស្ប៉ាញ មិនត្រូវបង្កើតឲ្យមាន «ផលវិបាកអវិជ្ជមាន» សម្រាប់រដ្ឋសមាជិកសហភាពអឺរ៉ុប (EU) ផ្សេងទៀតឡើយ» ខណៈគំនិតផ្តួចផ្តើមនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យស្ថានភាពរបស់ជនអន្តោប្រវេសន៍កន្លះលាននាក់ស្របច្បាប់។

សេចក្តីថ្លែងការណ៍របស់គណៈកម្មការ បានកើតឡើងក្នុងអំឡុងពេលមានការជជែកដេញដោលពេញអង្គនៅសភាអឺរ៉ុប ជាកន្លែងដែលលោក Magnus Brunner ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការផ្ទៃក្នុង និងអន្តោប្រវេសន៍ បានគូសបញ្ជាក់ថា ទេសន្តរប្រវេសន៍ គឺជាបញ្ហាប្រឈមរួម សម្រាប់រដ្ឋសមាជិកទាំងអស់ ហើយការសម្រេចចិត្តដែលធ្វើឡើងដោយប្រទេសមួយ មិនគួរប៉ះពាល់ជាអវិជ្ជមានដល់ប្រទេសដទៃទៀតឡើយ។
លោក Brunner បាននិយាយថា លិខិតអនុញ្ញាតស្នាក់អាស្រ័យ «មិនមែនជាសេរីភាពគ្មានដែនកំណត់» ដើម្បីឲ្យមានការធ្វើដំណើរដោយគ្មានការរឹតត្បិត នៅទូទាំងប្លុកនេះនោះទេ ដោយបញ្ជាក់ជាថ្មីថា ខណៈពេលដែលគោលនយោបាយធ្វើឲ្យស្របច្បាប់ជាតិត្រូវបានអនុញ្ញាត មានច្បាប់ច្បាស់លាស់របស់សហភាពអឺរ៉ុបដែលគ្រប់គ្រងការធ្វើដំណើរដោយសេរី និងការស្នាក់អាស្រ័យ។
គួរបញ្ជាក់ថា រដ្ឋាភិបាលអេស្ប៉ាញដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Pedro Sanchez បានអនុម័តផែនការមួយកាលពីចុងខែមករា ដើម្បីផ្តល់ឋានៈស្របច្បាប់ដល់ជនអន្តោប្រវេសន៍គ្មានឯកសារប្រហែល ៥០០.០០០នាក់។ ចំណាត់ការនេះបានទាក់ទាញឲ្យមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ នៅក្នុងស្ថាប័នសហភាពអឺរ៉ុប និងក្នុងចំណោមរដ្ឋជាសមាជិកដទៃទៀត ចំពោះផលប៉ះពាល់ដែលអាចកើតមានទៅលើការគ្រប់គ្រងអន្តោប្រវេសន៍របស់អឺរ៉ុបកាន់តែទូលំទូលាយ៕
