មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងកាលពីថ្ងៃអង្គារ (ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦) ថា កុមារជាង ២០០លាននាក់ នៅក្នុងប្រទេសជាង ១៣០ នឹងត្រូវការជំនួយមនុស្សធម៌ នៅឆ្នាំ២០២៦ នេះ ជាវិបត្តិសកលដ៏ធ្ងន់ធ្ងរបំផុតមួយដែលកុមារកំពុងប្រឈមជាមួយ។

អំឡុងពេលថ្លែងនៅក្នុងសម័យប្រជុំធម្មតាលើកដំបូងរបស់ក្រុមប្រឹក្សាភិបាលនៃអង្គការយូនីសេហ្វ លោកស្រី Catherine Russell ប្រធានទីភ្នាក់ងារនេះ បាននិយាយថា ទំហំ និងភាពស្មុគស្មាញនៃបញ្ហាប្រឈមដែលកុមារទូទាំងពិភពលោកកំពុងជួបប្រទះ កំពុងមានកាន់តែខ្លាំងឡើង ខណៈដែលជម្លោះ វិបត្តិអាកាសធាតុ អស្ថិរភាពសេដ្ឋកិច្ច និងវិសមភាព នៅតែបន្តមានកាន់តែធ្ងន់ធ្ងរខ្លាំងទៅៗ។
លោកស្រី Russell បាននិយាយថា «ស្ថានភាពមនុស្សធម៌ដែលកុមារកំពុងប្រឈមជាមួយ នាពេលបច្ចុប្បន្ននេះ គឺជាស្ថានភាពធ្ងន់ធ្ងរបំផុតដែលយើងធ្លាប់បានឃើញ» ដោយបន្ថែមថា «កុមារជាង ២០០លាននាក់នៅទូទាំងប្រទេសជាង ១៣០ ត្រូវការជំនួយមនុស្សធម៌ នៅឆ្នាំ២០២៦ នេះ»។
លោកស្រី Russell បានបន្ថែមទៀតថា បរិយាកាសសកល សម្រាប់កុមារ កាន់តែពិបាកខ្លាំងឡើងៗ ដោយមានសម្ពាធកើនឡើងលើគ្រួសារ និងសហគមន៍ ខណៈដែលតម្រូវការកើនឡើង ហើយធនធានថយចុះ។
ដោយបញ្ជាក់ពីការកើនឡើងយ៉ាងខ្លាំងនូវអំពើហិង្សាលើកុមារ លោកស្រីបានសង្កត់ធ្ងន់ថា កាលពីឆ្នាំមុន បានកត់ត្រាចំនួនខ្ពស់បំផុតនៃការរំលោភបំពានធ្ងន់ធ្ងរដែលត្រូវបានផ្ទៀងផ្ទាត់ ប្រឆាំងនឹងកុមារដែលមិនធ្លាប់មាន រួមទាំងមានការសម្លាប់ ការចាប់ពង្រត់ និងអំពើហិង្សាផ្លូវភេទ៕


