ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ នឹងទទួលជួបជាមួយនាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis នៅថ្ងៃពុធនេះ សម្រាប់កិច្ចពិភាក្សាដែលទំនងជាផ្តោតលើការធ្វើទេសន្តរប្រវេសន៍ និងជម្លោះដែនសមុទ្រយូរអង្វែង ខណៈដែលសម្ព័ន្ធមិត្តណាតូ និងគូប្រជែងប្រវត្តិសាស្ត្រ ព្យាយាមកសាងទំនាក់ទំនងដ៏កក់ក្តៅ។
ជនអន្តោប្រវេសន៍ចំនួន ១៥នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់លិចទូកមួយ នៅកោះ Chios របស់ប្រទេសក្រិកកាលពីសប្តាហ៍មុន បន្ទាប់ពីទូករបស់ពួកគេ បានបុកជាមួយនាវាឆ្មាំឆ្នេរសមុទ្រក្រិក ហើយលិចនៅក្នុងសមុទ្រ Aegean នៅឆ្នេរសមុទ្រទួរគី។

មន្ត្រីក្រិកបាននិយាយថា លោក Mitsotakis នឹងត្រូវបានអមដំណើរដោយរដ្ឋមន្ត្រីដែលទទួលបន្ទុកកិច្ចការបរទេស ហិរញ្ញវត្ថុ ការអភិវឌ្ឍ និងការធ្វើទេសន្តរប្រវេសន៍។
ការវិវត្តនៅមជ្ឈិមបូព៌ា អ៊ីរ៉ង់ និងអ៊ុយក្រែន ការធ្វើទេសន្តរប្រវេសន៍ ពាណិជ្ជកម្ម និងឧក្រិដ្ឋកម្មដែលបានរៀបចំ ក៏ទំនងជាស្ថិតនៅក្នុងរបៀបវារៈផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសក្រិក លោកស្រី Lana Zochiou បាននិយាយកាលពីថ្ងៃអង្គារថា គោលបំណង គឺ «ដើម្បីវាយតម្លៃវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី» និង «ដើម្បីរក្សាបណ្តាញទំនាក់ទំនងឲ្យបើកចំហ ដើម្បីទប់ស្កាត់វិបត្តិដែលអាចកើតមាន»៕
