មន្ទីរគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយជាតិ និយាយនៅថ្ងៃពុធនេះថា ព្យុះស៊ីក្លូន Gezani បានសម្លាប់មនុស្សយ៉ាងហោច ៩នាក់ និងមនុស្ស ១៩នាក់ រងរបួស នៅម៉ាដាហ្គាស្កា ក្រោយវាយប្រហារតំបន់ឆ្នេរភាគខាងកើតប្រទេសកោះនៅមហាសមុទ្រឥណ្ឌាមួយនេះ ។
មន្ទីរគ្រប់គ្រងគ្រោះមហន្តរាយ និយាយនៅក្នុងសេចក្តីរាយការណ៍ស្តីពីស្ថានភាពដំបូងរបស់ខ្លួនថា ព្យុះត្រូពិកមួយនេះ បានបោកបក់ដល់ដីគោកនៅជិតទីក្រុងកំពង់ផែ Toamasina បង្ខំឲ្យមនុស្ស ១.៣៧៩នាក់ ជម្លៀសខ្លួន នៅទូទាំងស្រុក Toamasina II ។

មន្ទីរបន្តថា កម្រិតនីវ៉ូទឹកសមុទ្រកើនឡើង និងភ្លៀងធ្លាក់ខ្លាំង បានជន់លិចដង់ផ្លូវនៅទីក្រុង Toamasina បណ្តាលឲ្យផ្ទះបាក់រលំ ប៉ើងដំបូល និងការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ។
ក្រុមមន្រ្តីបានបិទទ្វារសាលារៀននៅទូទាំងតំបន់ Atsinanana កាលពីថ្ងៃអង្គារ ហើយនិងរៀបចំជម្រកសង្រ្គោះបន្ទាន់ ស្របពេលដែលព្យុះខិតជិតមកដល់ ។
យោងតាមសេវាកម្មឧតុនិយមម៉ាដាហ្គាស្កា បានឲ្យដឹងថា មកទល់នឹងថ្ងៃពុធនេះ ព្យុះស៊ីក្លូន Gezani បានថមថយកម្លាំងវិញ មកនៅកម្រិតព្យុះត្រូពិក ជាមួយកម្លាំងខ្យល់បក់ ៨០គ.ម ក្នុង ១ម៉ោង និងធ្វើដំណើរទៅទិសខាងលិចក្នុងល្បឿន ២២គ.ម ក្នុង ១ម៉ោង ។
ប្រធានាធិបតីស្តីទីម៉ាដាហ្គាស្កាលោក Michael Randrianirina បានធ្វើដំណើរទៅកាន់តំបន់រងផលប៉ះពាល់នៅព្រឹកថ្ងៃពុធនេះ ជាទីដែលផ្លូវពាសពេញដោយកម្ទេចកម្ទី ហើយទឹកជន់បន្តហូរ ។
សូមបញ្ជាក់ថា ប្រទេសម៉ាដាហ្គាស្កា តែងតែរងការវាយប្រហារដោយព្យុះត្រូពិក អំឡុងរដូវព្យុះស៊ីក្លូន ។ កាលពីឆ្នាំ ២០២៤ ព្យុះស៊ីក្លូន Gamane បានសម្លាប់មនុស្ស ១៨នាក់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត ជម្លៀសខ្លួន ៕
