រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដាក់ទណ្ឌកម្មមេដឹកនាំ ២រូបរបស់ប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក សម្រាប់ករណីអំពើពុករលួយចោទប្រកាន់ថា ពួកគេទាំង ២នាក់ បានបើកទូលាយឲ្យចិនបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ។
កាលពីថ្ងៃអង្គារម្សិលមិញ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងមួយចោទប្រកាន់ថា ប្រធានព្រឹទ្ធសភាប៉ាឡូ លោក Hokkons Baules និងអតីតអភិបាលក្រុងនៅកោះម៉ាស្សលលោក Anderson Jibas បានចូលរួមអំពើពុករលួយសំខាន់ ។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា គ្មាននរណាម្នាក់ ក្នុងចំណោមអ្នកទាំង ២ ឬក្រុមគ្រួសាររបស់ពួកគេ ចាប់ពីពេលនេះតទៅ នឹងត្រូវអនុញ្ញាតឲ្យជាន់ទឹកដីសហរដ្ឋអាមេរិកនោះទេ ។
លោក Tommy Pigott គឺជាអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក សរសេរនៅលើបណ្តាញព័ត៌មានសង្គមថា រដ្ឋបាលរបស់លោក Trump នឹងមិនអនុញ្ញាតឲ្យមន្រ្តីសាធារណរដ្ឋបរទេស លួចអ្នកជាប់ពន្ធសហរដ្ឋអាមេរិក ឬគំរាមកំហែងដល់ផលប្រយោជន៍សហរដ្ឋអាមេរិកនោះទេ ។
ការិយាល័យការអនុវត្តច្បាប់គ្រឿងញៀនអន្តរជាតិនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្ហោះសាររបស់ខ្លួននៅលើបណ្តាញព័ត៌មានសង្គម ដើម្បីបង្ហាញការគាំទ្រចំពោះទណ្ឌកម្មនេះផងដែរ ។
ពួកគេនិយាយថា អំពើពុករលួយដែលប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក នឹងជួបផលវិបាកធ្ងន់ធ្ងរបែបនេះ ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចោទប្រកាន់លោក Baules ថាបានទទួលសំណូក ជាការដោះដូរនឹងការគាំទ្រផលប្រយោជន៍ចិននៅកោះប៉ាឡូ ដែលជាប្រទេសកោះតូចជាងគេបំផុតទី ១៦ នៅលើពិភពលោក ៕

