រដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃអង្គារ (ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦) បានឲ្យដឹងថា ក្រុមហ៊ុនបណ្ដាញសង្គមនឹងត្រូវលុបចេញនូវមាតិកាខុសច្បាប់ ក្នុងរង្វង់រយៈពេល ៣ម៉ោង បន្ទាប់ពីទទួលបានការជូនដំណឹង អំពីខ្លឹមសារនោះ ដោយបន្ថយពីពេលវេលាកំណត់ ៣៦ម៉ោងនៅមុននេះ ជាអ្វីដែលអាចជាបញ្ហាប្រឈមនៃការអនុលោមតាមច្បាប់នេះ សម្រាប់បណ្ដាញសង្គមរបស់ក្រុមហ៊ុន Meta, YouTube និង X។
ការកែប្រែនេះបានធ្វើបច្ចុប្បន្នភាពថ្មីលើច្បាប់ IT (បច្ចេកវិទ្យាព័ត៌មានវិទ្យា) ឆ្នាំ២០២១ របស់ឥណ្ឌា ដែលជាចំណុចក្ដៅរួចហើយ រវាងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងក្រុមហ៊ុនបច្ចេកវិទ្យាសកល។ បទប្បញ្ញត្តិថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី២០ ខែកុម្ភៈ។

ចំណាត់ការនេះពង្រឹងជំហររបស់ឥណ្ឌា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានបទប្បញ្ញត្តិដ៏តឹងតែងបំផុតរបស់ពិភពលោក ពាក់ព័ន្ធនឹងមាតិកាតាមប្រព័ន្ធអនឡាញ ដោយទាមទារឲ្យវេទិការបស់បណ្ដាញសង្គមនានា ធ្វើឲ្យមានតុល្យភាព រវាងការអនុលោមតាមច្បាប់នៅក្នុងទីផ្សារដែលមានអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតចំនួន ១ពាន់លាននាក់ និងក្ដីបារម្ភកាន់តែខ្លាំងឡើងៗ អំពីការត្រួតពិនិត្យរបស់រដ្ឋាភិបាល។
ការណែនាំរបស់រដ្ឋាភិបាលនេះ មិនបានផ្តល់ហេតុផលណាមួយ ក្នុងការកែប្រែពេលវេលាកំណត់ សម្រាប់ការលុបមាតិកានេះនោះទេ។
លោក Akash Karmakar ជាដៃគូនៅក្រុមហ៊ុនច្បាប់ឥណ្ឌា Panag and Babu ដែលមានជំនាញខាងច្បាប់បច្ចេកវិទ្យា បាននិយាយថា៖ «វាមិនអាចទៅរួចនោះឡើយ ដែលអាចឲ្យក្រុមហ៊ុនបណ្ដាញសង្គមលុបចេញនូវមាតិកាក្នុងរយៈពេល ៣ម៉ោងនោះ។ នេះគឺជាការគ្មានការគិតគូរឲ្យបានល្អិតល្អន់ ឬពិចារណាពីសមត្ថភាពជាក់ស្ដែង ដែលពិបាកឲ្យអនុវត្តតាម»៕
