អនុប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Hussein al-Sheikh កាលពីថ្ងៃអង្គារ បានជំរុញឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើអ៊ីស្រាអែលឲ្យគោរពអធិបតេយ្យភាពរបស់រដ្ឋប៉ាឡេស្ទីន។
លោកបានថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងរ៉ាម៉ាឡា ជាមួយឯកអគ្គរដ្ឋទូត អ្នកការទូត និងមន្ត្រីអន្តរជាតិ ដោយអំពាវនាវឲ្យមាន «សម្ពាធពិតប្រាកដ និងមានប្រសិទ្ធភាព» លើអ៊ីស្រាអែលឲ្យបញ្ឈប់អ្វីដែលលោកបានពិពណ៌នាថា ជាការវាយប្រហារជាបន្តបន្ទាប់ និងការរំលោភច្បាប់អន្តរជាតិ។

លោក Al-Sheikh បានព្រមានថា ភាពស្ងៀមស្ងាត់ពីពិភពលោកលើកទឹកចិត្តអ៊ីស្រាអែលឲ្យបន្ត «គោលនយោបាយឈ្លានពាន និងអាណានិគម» របស់ខ្លួន។ លោកបានជម្រាបជូនអ្នកចូលរួមអំពីការវិវត្តថ្មីៗ រួមទាំងប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ការបិទផ្លូវបណ្តាលឲ្យមានផលវិបាកផ្នែកមនុស្សធម៌ធ្ងន់ធ្ងរ ការវាយប្រហាររបស់អ្នកតាំងលំនៅកើនឡើងនៅតំបន់វេសបែង(West Bank) ការរឹបអូសដីធ្លី និងការដកហូតចំណូលពន្ធប៉ាឡេស្ទីនដោយអ៊ីស្រាអែល ដែលលោកបាននិយាយថា បានបង្កឲ្យមានវិបត្តិសេដ្ឋកិច្ច។
លោកក៏បានរិះគន់ការសម្រេចចិត្តថ្មីៗរបស់រដ្ឋាភិបាលអ៊ីស្រាអែលដែលបានផ្លាស់ប្តូរស្ថានភាពផ្លូវច្បាប់ និងស៊ីវិលនៃតំបន់វេសបែង។ នាថ្ងៃអាទិត្យ អ៊ីស្រាអែលបានអនុម័តវិធានការ ដើម្បីអនុញ្ញាតឲ្យមានការទិញដីរបស់ជនជាតិជ្វីហ្វនៅក្នុងតំបន់ដែលពីមុនត្រូវបានរឹតត្បិតក្រោមច្បាប់សម័យហ្ស៊កដានី ការផ្ទេរការគ្រប់គ្រងផែនការនៃទីក្រុង Hebron និងទីតាំងសាសនាផ្សេងទៀតទៅឲ្យអាជ្ញាធរអ៊ីស្រាអែល និងធ្វើឲ្យ ប្រតិបត្តិការដីធ្លីសម្រាប់អ្នកតាំងលំនៅ កាន់តែងាយស្រួលធ្វើថែមទៀត។
អ៊ីស្រាអែលបានដណ្តើមកាន់កាប់តំបន់វេសបែង ក្នុងសង្គ្រាមឆ្នាំ ១៩៦៧ ហើយចាប់តាំងពីពេលនោះមកបានសាងសង់លំនៅឋាននៅទីនោះ ដែលជាការអនុវត្តដែលត្រូវបានចាត់ទុកថា ខុសច្បាប់យ៉ាងទូលំទូលាយដោយសហគមន៍អន្តរជាតិ៕
