ក្រសួងការបរទេសចិននិយាយនៅថ្ងៃពុធនេះថា ខ្លួនមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសផ្សេងនោះទេ ក្រោយនគរបាលអូស្រ្តាលី ចោទប្រកាន់ពលរដ្ឋរបស់ពួកគេ ២នាក់ ពីបទជ្រៀតជ្រែកបរទេស ពាក់ព័ន្ធនឹងការធ្វើចារកម្ម ដើម្បីប្រមែប្រមូលព័ត៌មានស្តីពីក្រុមពុទ្ធសាសនិក តាមការបញ្ជាពីទីភ្នាក់ងារសន្តិសុខរដ្ឋាភិបាលចិន ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនសូមធ្វើការជំទាស់យ៉ាងមុតមាំការប្រើប្រាស់ការជ្រៀតជ្រែកបរទេសជាលេស បង្អាក់ការផ្លាស់ប្តូរបុគ្គលិកធម្មតា និងកិច្ចសហប្រតិបត្តិការរវាងចិន និងប្រទេសពាក់ព័ន្ធ ហើយលោកជំរុញឲ្យអូស្រ្តាលី ដោះស្រាយករណីពាក់ព័ន្ធនឹងជនជាតិចិនទាំង ២នាក់នេះ ដោយប្រុងប្រយ័ត្ន និងត្រឹមត្រូវ ហើយធានាសិទ្ធិស្របច្បាប់របស់ពួកគេ ។
ពលរដ្ឋចិនទាំង ២នាក់ ដែលជាបុរសវ័យ ២៥ឆ្នាំម្នាក់ និងស្រ្តីវ័យ ៣១ឆ្នាំ ប្រឈមនឹងការចោទប្រកាន់ពីបទជ្រៀតជ្រែកបរទេសដ៏ធ្វេសប្រហែស ដែលអាចនាំឲ្យមានការដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ។
លោក Linបន្តថា លោកពុំបានដឹងរឿងរ៉ាវលម្អិតច្បាស់លាស់នោះទេ ពាក់ព័ន្ធនឹងជនជាតិចិន ២នាក់នេះ ដែលត្រូវឡើងកាត់ក្តីនៅអូស្រ្តាលី ក្រោយនគរបាលចោទប្រកាន់ពួកគេពីបទជ្រៀតជ្រែកបរទេស ៕
