យោងតាមសេចក្ដីរាយការណ៍ពីបណ្ដាញសារព័ត៌មាន បានឲ្យដឹង សហភាពអឺរ៉ុប (EU) កំពុងពិចារណាពីគំរូចូលជាសមាជិកថ្មី ដែលនឹងអនុញ្ញាតឲ្យអ៊ុយក្រែនចូលរួមបណ្ដោះអាសន្ន នៅក្នុងវិស័យមួយចំនួនរបស់ប្លុក មុនពេលបញ្ចប់ដំណើរការសមាជិកភាពពេញសិទ្ធិ។
ក្រោមសំណើនេះ ដែលត្រូវបានពិភាក្សានៅក្នុងរង្វង់គណៈកម្មការអឺរ៉ុប អ៊ុយក្រែននឹងចាប់ផ្តើមចូលរួមក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុបជាក់លាក់ ខណៈពេលដែលបន្តកំណែទម្រង់ដែលត្រូវការ សម្រាប់ការចូលជាសមាជិក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ TVP World និងសារព័ត៌មាន Politico កាលពីថ្ងៃអង្គារ (ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦)។

គំនិតនេះ ដែលត្រូវបានមន្ត្រីសហភាពអឺរ៉ុបហៅក្រៅផ្លូវការថា ជា «ការពង្រីកបន្ថែមសមាជិកបញ្ច្រាស (នីតិវិធីពិសេស)» នឹងតំណាងឲ្យការកែប្រែពីដំណើរការចូលជាសមាជិកបែបប្រពៃណីរបស់សហភាពអឺរ៉ុប ដោយផ្តល់សិទ្ធិ និងកាតព្វកិច្ចជាដំណាក់កាលដល់ប្រទេសដែលកំពុងស្ថិតក្នុងដំណើរការពិចារណាជ្រើសរើស ជាជាងសមាជិកភាពពេញសិទ្ធិនៅចុងបញ្ចប់នៃការចរចា។
យោងតាមសារព័ត៌មាន Politico បានឲ្យដឹងថា គំរូនេះអាចអនុញ្ញាតឲ្យអ៊ុយក្រែនទទួលបានការចូលរួមដោយផ្នែកនៅក្នុងសហភាពអឺរ៉ុប នាដើមឆ្នាំក្រោយ ដោយសមាជិកភាពពេញសិទ្ធិអាចត្រូវបានកំណត់ សម្រាប់ឆ្នាំ២០២៧ ជាផ្នែកមួយនៃក្របខ័ណ្ឌសន្តិភាព និងសន្តិសុខកាន់តែទូលំទូលាយ ដែលភ្ជាប់ទៅនឹងការបញ្ចប់សង្គ្រាមដែលកំពុងបន្តមាន នៅអ៊ុយក្រែន។
អ្នកការទូតបានប្រាប់សារព័ត៌មាន Politico ថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានគូសបញ្ជាក់ពីជម្រើសជាច្រើន ដើម្បីជម្នះការជាប់គាំងលើការពង្រីកសមាជិកនេះ អំឡុងកិច្ចប្រជុំនៅមុននេះជាមួយរដ្ឋាភិបាលសហភាពអឺរ៉ុប៕
