ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា មនុស្ស ៤នាក់ រួមមានក្មេងៗ ៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារកាលពីយប់កន្លងទៅរបស់រុស្ស៊ីលើអ៊ុយក្រែន ស្របពេលដែលកិច្ចខិតខំដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាម នៅតែបន្តមានវឌ្ឍនភាពនៅក្នុងជំហានយឺតយ៉ាវ និងច្របូកច្របល់ ។
មេដឹកនាំអ៊ុយក្រែនរូបនេះនិយាយនៅថ្ងៃពុធថា យានដ្រូនរុស្ស៊ី បានវាយប្រហារផ្ទះគ្រួសារឯកជនមួយនៅទីក្រុង Bohodukhiv ស្ថិតនៅតំបន់ភាគឦសាន Kharkiv ប្រទេសអ៊ុយក្រែន កាលពីយប់ថ្ងៃអង្គារបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និងធ្វើឲ្យម្តាយពពោះរបស់ពួកគេ រងរបួសយ៉ាងធ្ងន់ធ្ងរ និងជាអ្នករស់រានតែម្នាក់គត់ ។
ការិយាល័យរដ្ឋអាជ្ញាតំបន់ Kharkiv និយាយថា ការវាយប្រហារនេះ ពិតជាបានបំផ្លាញផ្ទះរបស់ពួកគេទំាងស្រុង ធ្វើឲ្យសមាជិកគ្រួសារជាប់នៅក្រោមគំនរបាក់បែក ។
ពួកគេនិយាយថា ក្មេងៗ ៣នាក់ដែលត្រូវបានសម្លាប់ រួមមានក្មេងប្រុសកូនភ្លោះ អាយុ ២ឆ្នាំ និងប្អូនស្រីរបស់គេអាយុ ១ឆ្នាំ ជាមួយឪពុករបស់ពួកគេ អាយុ ៣៤ឆ្នាំ ។
ក្រុមរដ្ឋអាជ្ញានិយាយថា ម្តាយរបស់ក្មេងដែលបានពពោះរយៈពេល ៣៥សប្តាហ៍ ត្រូវបានទាញចេញនៅរស់ពីគំនរបាក់បែកអគារ ដោយក្រុមជួយសង្រ្កោះ ដោយរូបគាត់មានរបួសពីការផ្ទុះ របួសខួរក្បាល ស្នាមរលាក ហើយនិងស្តាប់លែងឮ ។
លោក Volodymyr Bielyi គឺជាអភិបាលក្រុង Bohodukhiv ដែលមានចម្ងាយប្រហែល ២២គ.មពីព្រំដែនរុស្ស៊ី និយាយនៅលើបណ្តាញព័ត៌មានសង្គម Facebookថា ទីក្រុងរបស់លោកនឹងកាន់ទុក្ខគ្រួសារមួយនេះ រយៈពេល ៣ថ្ងៃ ៕