យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរក្នុងស្រុក និងប្រភពព័ត៌មាន បានឲ្យដឹងថា ហ្វូងមនុស្សដែលមានទំនាក់ទំនងជាមួយក្រុមផ្តាច់ខ្លួនដែលជាក្រុមប្រឹក្សាអន្តរកាលភូមិភាគត្បូង(STC) បានព្យាយាមវាយប្រហារអគារដ្ឋាភិបាលក្នុងស្រុក ស្ថិតនៅទីក្រុងភាគអាគ្នេយ៍ Ataq ប្រទេសយេម៉ែន បណ្តាលឲ្យមនុស្សជាច្រើននាក់ ស្លាប់ ។
គណៈកម្មាធិការសន្តិសុខនៅខេត្ត Shabwah និយាយថា ក្រុមយុទ្ធជនប្រដាប់អាវុធ បានវាយប្រហារកងកម្លាំងសន្តិសុខ និងមន្រ្តីយោធា ហើយនិងបានបាញ់គ្រាប់កាំភ្លើងពិត អំឡុងការវាយប្រហារនៅថ្ងៃពុធនេះ បណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ពេលដែលកងកម្លាំងចូលធ្វើអន្តរាគម ។
វាគឺជាការផ្ទុះអំពើហិង្សាចុងក្រោយនៅក្នុងប្រទេសក្រីក្រ និងហែកហួរដោយសារភ្លើងសង្រ្គាមមួយនេះ ។
លោក Rami Lamlas គឺជាអនុប្រធានមន្ទីរពេទ្យជំងឺទូទៅ Shabwah និយាយប្រាប់កាសែត Al Jazeeraថា មនុស្ស ៥នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៣៩នាក់ផ្សេងទៀត បានរងរបួស ពេលដែលកងកម្លាំងសន្តិសុខ និងមន្រ្តីយោធា បំបែកបាតុករដែលមានទំនាក់ទំនងជាមួយក្រុមផ្តាច់ខ្លួន STC ។
ប្រភពព័ត៌មានក្នុងស្រុកនិយាយប្រាប់កាសែត Al Jazeeraថា អ្នកគាំទ្រក្រុមផ្តាច់ខ្លួន STC បានរៀបចំការជួបជុំគ្នាមួយនៅទីក្រុង Ataq មុនពេលដង្ហែរក្បួនឆ្ពោះទៅកាន់អគារដ្ឋាភិបាល ដើម្បីប៉ុនប៉ងវាយប្រហារ និងដកទង់ជាតិចេញពីលើអគារ ។
ការវាយប្រហារនេះ បានកើតមានឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រុមប្រឹក្សាថ្នាក់ដឹកនាំប្រធានាធិបតីគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត ដែលជាអង្គភាពប្រតិបត្តិនៃរដ្ឋាភិបាលទទួលស្គាល់ដោយអន្តរជាតិរបស់យេម៉ែន ប្រកាសគណៈរដ្ឋមន្រ្តីថ្មី ដែលជាផ្នែកមួយនៃការធ្វើអភិបាលកិច្ចប្រទេសអារ៉ាប់មានការបែកចែកមួយនេះ ៕