អ៊ីរ៉ង់បានប្រារព្ធខួបលើកទី៤៧ នៃបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩ នាថ្ងៃពុធ (ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦) ខណៈដែលលទ្ធិទេវាធិបតេយ្យ (ការគ្រប់គ្រងដោយច្បាប់វិន័យសាសនា) របស់ប្រទេសនេះ នៅតែស្ថិតក្រោមសម្ពាធ ទាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានលើកឡើងពីបញ្ជូនក្រុមនាវាផ្ទុកយន្តហោះមួយផ្សេងទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា និងការថ្កោលទោសដោយកំហឹងពីសាធារណជន ចំពោះការបង្ក្រាបបង្ហូរឈាមរបស់ទីក្រុងតេអេរ៉ង់ លើការតវ៉ាទូទាំងប្រទេស។
អ៊ីរ៉ង់កំពុងស្ថិតក្នុងដំណើរការចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែគេនៅតែមិនទាន់ច្បាស់ដដែលថា តើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នឹងត្រូវសម្រេចបានដែរ ឬអត់។ ទន្ទឹមនឹងនេះ ស្ថាប័នឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ គឺទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) មិនអាចត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការស្តុកនុយក្លេអ៊ែររបស់អ៊ីរ៉ង់អស់រយៈពេលជាច្រើនខែមកហើយ។
នៅក្នុងពិធី ដើម្បីប្រារព្ធខួបបដិវត្តន៍ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសុំអភ័យទោស ចំពោះ «ប្រជាជនគ្រប់រូបដែលរងផលប៉ះពាល់» ដោយសារការតវ៉ាទូទាំងប្រទេស និងការបង្ក្រាបបង្ហូរឈាមដែលបានកើតមានបន្ទាប់ ទោះបីជាលោក ដោយមិនបានបញ្ជាក់ឲ្យច្បាស់លាស់ បានថ្កោលទោស «ការឃោសនារបស់លោកខាងលិច» ពាក់ព័ន្ធនឹងការតវ៉ានេះក៏ដោយ។
លោក Pezeshkian បាននិយាយថា លោកបានដឹងយ៉ាងច្បាស់ពី «ទុក្ខសោកដ៏ខ្លាំងក្លា» ដែលប្រជាជនមាន អំឡុងការតវ៉ា និងការបង្ក្រាប តែមិនបានទទួលស្គាល់ថា នេះគឺជាស្នាដៃដោយផ្ទាល់របស់កងកម្លាំងសន្តិសុខអ៊ីរ៉ង់ ក្នុងព្រឹត្តិការណ៍បង្ហូរឈាមនេះឡើយ។
លោក Pezeshkian បានសង្កត់ធ្ងន់ថា៖ «យើងមានភាពអៀនខ្មាស ក្នុងការប្រឈមមុខជាមួយប្រជាជន ហើយយើងមានកាតព្វកិច្ចជួយអ្នកទាំងអស់ដែលរងរបួសនៅក្នុងឧប្បត្តិហេតុទាំងនេះ។ យើងមិនស្វែងរកការប្រឈមមុខដាក់គ្នាជាមួយប្រជាជននោះឡើយ»។
ជាមួយគ្នានេះ លោក Pezeshkian ក៏បានទទូចផងដែរថា ប្រទេសរបស់លោក «មិនស្វែងរកការផលិតអាវុធនុយក្លេអ៊ែរទេ ហើយត្រៀមខ្លួនឲ្យមានការផ្ទៀងផ្ទាត់គ្រប់យ៉ាង»៕