នៅថ្ងៃពុធ (ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ប្រធានាធិបតីប៊ុលហ្គារីបានតែងតាំងទេសាភិបាលរងធនាគារកណ្តាល ជានាយករដ្ឋមន្ត្រីស្តីទី ដោយបើកផ្លូវឲ្យបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន ដែលនឹងរៀបចំការបោះឆ្នោតសភាមុនអាណត្តិមួយផ្សេងទៀត។
រដ្ឋាភិបាលមុនបានលាលែងពីតំណែងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីមានការតវ៉ាតាមដងផ្លូវអស់រយៈពេលជាច្រើនសប្តាហ៍ ពាក់ព័ន្ធនឹងគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន និងការបរាជ័យ ក្នុងការដោះស្រាយអំពើពុករលួយ។ មិនទាន់មានកាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតមុនអាណត្តិនៅឡើយទេ ដែលនឹងជាការបោះឆ្នោតលើកទី៨ ក្នុងរយៈពេលត្រឹមតែ ៥ឆ្នាំ សម្រាប់រដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប (EU) និងអង្គការណាតូ (NATO) មួយនេះ ស្របពេលមានការបែកបាក់នយោបាយយ៉ាងជ្រៅ។
អ្វីដែលធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញទៀតនោះ គឺលោកប្រធានាធិបតី Rumen Radev ក៏បានលាលែងពីតំណែងដែរ កាលពីខែមុន ដោយប្រគល់តួនាទីដែលភាគច្រើនជាពិធីការរបស់លោកទៅឲ្យអនុប្រធានាធិបតី លោកស្រី Iliana Iotova ដែលបានក្លាយជាប្រមុខរដ្ឋស្ត្រីដំបូងរបស់ប្រទេសប៊ុលហ្គារី។ ហើយលោក Radev ត្រូវបានគេរំពឹងថា នឹងបង្កើតគណបក្សថ្មីមួយ។
ការិយាល័យរបស់លោកស្រី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីប្រធានាធិបតី Iotova បានជ្រើសរើសទេសាភិបាលរងធនាគារជាតិប៊ុលហ្គារី គឺលោក Andrey Gyurov ឲ្យដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ដែលមានភារកិច្ចរៀបចំផ្លូវ សម្រាប់ការបោះឆ្នោតសភាមុនអាណត្តិមួយផ្សេងទៀត។ នៅពីមុននេះ លោកស្រី Iotova បានលើកឡើងថា ការបោះឆ្នោតអាចធ្វើឡើងនៅចន្លោះពាក់កណ្តាល និងចុងខែមេសា៕