នៅលើដីឡូតិ៍មួយកន្លែងពាសពេញដោយអគារបាក់បែក និងកម្ទេចកម្ទីនៅក្នុងទីក្រុងហ្កាហ្សា បាល់ទាត់បានវិលត្រឡប់មកកាន់តំបន់ហ្កាហ្សាស្រ្ទីបវិញហើយ ក្រោមស្រមោលអន្ធកាលនៃសង្រ្គាម ។
ក្រុម Jabalia Youth បានជួបជាមួយក្រុម Al-Sadaqa នៅការប្រកួតរៀបចំជាលើកដំបូងក្នុងដែនដីបិទច្រកមួយនេះ ក្នុងរយៈពេលជាង ២ឆ្នាំ ។
ក្រុមអ្នកគាំទ្រនាំគ្នាឡើងលើជញ្ជាំងបេតុងបាក់បែក ដើម្បីមើលការប្រកួតរវាងក្រុមមានគ្នាម្ខាង ៥នាក់ ។ សម្រាប់យុវជន Youssef Jendiya មកពីក្រុម Jabalia Youth វាគឺជាព្រឹត្តការណ៍ប្រកួតមួយមានអារម្មណ៍ច្របូកច្របល់ខ្លាំងណាស់ ។
ក្មេងប្រុសនិយាយថា រូបគេមានអារម្មណ៍ថាច្របូកច្របល់ខ្លាំងណាស់ សប្បាយផង ក្រៀមក្រំផង រីករាយផង ពីព្រោះដូចអ្នកដឹងស្រាប់ហើយថា ជីវិតដែលពួកយើងកំពុងរស់នៅបច្ចុប្បន្ន គឺរស់នៅក្នុងសំពត់តង់ ។
ក្មេងប្រុសបន្តថា មនុស្សដើរស្វែងរកទឹកនៅពេលព្រឹក ស្វែងអាហារ នំបុ័ង ។ ជីវិតពិបាកបន្តិចហើយ ប៉ុន្តែពេលដែលសេសសល់ប្រចាំថ្ងៃ ពេលដែលអ្នកអាចមកទីនេះ ហើយលេងបាល់ទាត់ បង្ហាញភាពសប្បាយរីករាយ នេះមានន័យថា អ្នកអាចផ្លាស់ប្តូរអារម្មណ៍របស់អ្នកបាន ។
ដោយឡែក យុវជន Amjad Abu Awda និយាយថា រូបគេចូលរួមប្រកួត គឺដើម្បីចែករំលែកសារថា “មិនសំខាន់អ្វីបានកើតឡើងនោះទេ ជីវិតគឺត្រូវតែបន្ត” ។
រយៈពេល ៤ខែ ចាប់តាំងពីបទឈប់បាញ់បញ្ចប់ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតំបន់ហ្កាហ្សា ស្ទើតែគ្មានការសាងសង់ឡើងវិញទាល់តែសោះ នៅតំបន់ហ្កាហ្សា ៕