ភ្នំពេញ៖ លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លើកឡើងប្រាប់ BTV ថា បុគ្គលដែលត្រូវបានកូវីដ-១៩វាយលុកខ្លាំងទៅលើសួត គឺត្រូវទៅពិនិត្យសួតឡើងវិញ ក្នុងរយៈពេល ៣ខែដំបូងក្រោយជាសះស្បើយ។
ពាក់ព័ន្ធនឹងករណីក្រោយជាសះស្បើយពីកូវីដ-១៩ លោកជំទាវ ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល លើកឡើងថា មិនទាន់មានការសិក្សាបញ្ជាក់ច្បាស់ពីផលប៉ះពាល់សួតក្នុងកម្រិតណានោះឡើយ។ តែគេសង្កេតឃើញ មុខងារសួតអាចថមថយខ្លះៗ ប្រសិនបើវីរុសកូវីដ-១៩ បានវាយលុកខ្លាំងទៅលេលើសួត ដែលតម្រូវឱ្យអ្នកជំងឺដែលជាសះស្បើយទៅ ត្រូវហាត់ការដកដង្ហើមផង និងត្រួតពិនិត្យសួតឡើងវិញផង នៅក្នុងរយៈពេល៣ខែដំបូងបន្ទាប់ពីជាសះស្បើយ។ ប្រសិនបើនៅមានសេសសល់សំណល់បញ្ហាសួតខ្លះៗនោះ គួរតែត្រូវបានបន្តត្រួតពិនិត្យឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។
លោកជំទាវ លើកឡើងបន្ថែមថា ករណីឆ្លងឡើងវិញនូវវីរុសកូវីដ-១៩ ផលប៉ះពាល់អាចមានតិចតួច បើសិនជាមានកងការពារខ្លាំងសម្រាប់ទប់ទល់។ ករណីកងការពារខ្សោយវិញ គឺអាចបន្ថែមភាពប៉ះពាល់ទៅលើប្រព័ន្ធសរសសៃប្រសាទ បេះដូង ថ្លើម និងតម្រងនោមជាដើម។
ជារួមលោកជំទាវ បញ្ជាក់ថា តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តវេជ្ជសាស្រ្តបរទេសមួយចំនួន បង្ហាញថា អ្នកជាសះស្បើយពីកូវីដក្នុងរង្វង់ ២៣ ទៅ ២៦ភាគរយ គឺមានបញ្ហាផ្លូវចិត្តដូចជា ឆាប់បាក់ទឹកចិត្ត និងឆាប់ព្រួយ។ លើសពីនេះក៏មានបញ្ហា ឆាប់នឿយហត់ មិនសូវមានកម្លាំង និងមួយចំនួនទៀតក៏ឆាប់ឆ្លងកូវីដឡើងវិញផងដែរ។
ការសិក្សាក៏ បានបង្ហាញថា អាចមានរោគសញ្ញាសេសសល់ ក្នុងរយៈពេលមួយឆ្នាំក្រោយជាសះស្បើយផងដែរ ដូចជាដកដង្ហើមមិនបានវែង ពិបាកដកដង្ហើម មានអារម្មណ៍ថប់ដង្ហើម បន្តនៅក្អកខ្លះៗ អាចឈឺសន្លាក់ដៃជើង អាចឈឺដើមទ្រូងខ្លះៗ មានបញ្ហាការចងចាំ បញ្ហាសម្រាន្តមិនសូវលក់ ឈឺសាច់ដុំ ឈឺក្បាល បេះដូងដើរញាប់ជាងមុន ជាដើម។
លោកជំទាវ ក៏នៅតែបន្តអំពាវនាវ កុំឱ្យប្រជាពលរដ្ឋមើលស្រាលជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង។ សូមបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងថា លទ្ធភាពវៃលុករបស់វាមកលើសរីរាង្គកាយមនុស្ស អាចកើតមានមិនអាចមើលរំលងបានឡើយ ហើយជំងឺកូវីដ-១៩ ក៏មិនមែនជាជំងឺផ្តាសាយក្នុងលក្ខណៈធម្មតា និងរិតតែមិនមែនជាជំងឺដែលសាមញ្ញពេកនោះដែរ ថ្វីត្បិតតែ វាមានលក្ខណៈដូចជាស្រាល ដោយមួយចំណែកធំដោយសារឥទ្ធិពលបានមកពីការ ស្រោចស្រពវ៉ាក់សាំងបានច្រើននៅក្នុងសហគមន៍។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានក្រើនរម្លឹកថា សរីរាង្គកាយមនុស្ស ប្រហែលជានឹងអាច មានការប៉ះពាល់សុខភាពទោះតិចក្តី ឫច្រើនក្តី ក្រោយពីបានឆ្លងជំងឺកូវីដ-១៩ ប្រសិនបើយើងមិនមានកងការពារក្នុងខ្លួនយើងរឹងមាំទេនោះ ហើយការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៣ ឬដូសជំរុញ នាពេលនេះ នឹងជួយពង្រឹងកងការពារនេះ ដើម្បីទប់ទល់ពីការវាយលុកធ្ងន់ធ្ងរលើសរីរាង្គបុគ្គល និងជួយសង្គ្រោះអាយុជីវិតមនុស្សផងដែរ៕ អត្ថបទ៖ គឹមហុក