ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរងប៉ុស្ត៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លើកឡើងថា មន្រ្តីអន្តោប្រវេសន៍បានបន្តអនុវត្តពិនិត្យម៉ត់ចត់ លើកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈកម្ពុជាសម្រេចលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេស ត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល៧២ម៉ោង និងការធ្វើតេស្តរហ័ស(Rapid test)។
ថ្លែងប្រាប់BTV នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរងប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីមានចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថ្មីពាក់ព័ន្ធកែសម្រួលលក្ខខណ្ឌមួយចំនួន ចំពោះអ្នកដំណើរមកពីបរទេស ពេលមកដល់ប្រទេសកម្ពុជា បានសម្តែងការគាំទ្រចំពោះការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល សំដៅបង្កលក្ខណៈកាន់តែងាយស្រួលដល់អ្នកធ្វើដំណើរចូលកម្ពុជា។
ឧត្តមសេនីយ៍ត្រី ថោង សុផាត បន្តថា គិតចាប់ពីអំឡុងខែមករានេះ មកដល់ពេលនេះ កំណើនអ្នកធ្វើដំណើរបានកើនឡើងជាមធ្យមក្នុងមួយថ្ងៃចំនួនជាង ១ពាន់នាក់ ខណៈចុងឆ្នាំ២០២១ មានចំនួនត្រឹម៤០០-៥០០នាក់ប៉ុណ្ណោះ។
ឧត្តមសេនីយ៍ត្រី ថោង សុផាត ថ្លែងថា ទន្ទឹមនឹងការសម្រេចរបស់រាជរដ្ឋាភិបាលនេះ មន្រ្តីអន្តោប្រវេសន៍ប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏បន្តអនុវត្តម៉ត់ចត់ទៅលើកាតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផងដែរ។
ជាមួយគ្នានេះអ្នកដំណើរជាតិ-អន្តរជាតិ បានសម្តែងការពេញចិត្តចំពោះការសម្រេចបន្ធូរបន្ថយកាន់តែងាយស្រួល រួមទាំងកាត់បន្ថយការចំណាយ និងពេលវេលា។
ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមីនា ម្សិលមិញនេះ បានប្រកាសលុបចោលលក្ខខណ្ឌតម្រូវឲ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្តPCR អវិជ្ជមានក្នុងរយៈពេល៧២ម៉ោងមុនមកដល់កម្ពុជា លុបចោលការតម្រូវឲ្យធ្វើតេស្តរហ័សនៅពេលមកដល់ និងអនុញ្ញាតបើកឡើងវិញការផ្តល់ទិដ្ឋាកាតពេលមកដល់(Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិ៕
អត្ថបទ សេក ឧត្តម