តម្លៃប្រេងបានកើនឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍១២កុម្ភៈសប្ដាហ៍នេះ ខណៈក្រុមវិនិយោគិនមានការព្រួយបារម្ភអំពីភាពតានតឹងកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

តម្លៃប្រេងឆៅ Brent របស់សហរដ្ឋអាមេរិក បានកើនឡើង ៣៤ សេន ឬ ០,៤៩% ក្នុងតម្លៃ ៦៩,៧៤ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង ១:២៦នាទីម៉ោងសកល។ ប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក មួយទៀតដែរ បានកើនឡើង ៣៧ សេន ឬ ០,៥៧% ដល់ ៦៥ដុល្លារ ក្នុងមួយបារ៉ែល។

តម្លៃស្តង់ដារទាំងពីរបានកើនឡើងខ្ពស់កាលពីថ្ងៃពុធ១១កុម្ភៈសប្ដាហ៍នេះ។ តម្លៃប្រេងឆៅBrent បានកើនឡើង ០,៨៧% និង West Texas Intermediate បានកើនឡើងជាង ១,៥% ខណៈការព្រួយបារម្ភអំពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ពីសំណាក់ក្រុមវិនិយោគិន បានគ្របដណ្ដប់លើការកើនឡើងនៃស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធសប្ដាហ៍នេះថា ពួកលោកពុំបានឈានដល់កិច្ចព្រមព្រៀងច្បាស់លាស់ អំពីរបៀបបន្តទៅមុខជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែលោកបានទទូចថាការចរចាជាមួយទីក្រុងតេអេរ៉ង់នឹងបន្ត៕