ប្រជាពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយកាត់ចិន បានបន្តនាំគ្នាទៅកាត់ឆុង ដើម្បីរំដោះគ្រោះឧបទ្រប់ចង្រៃ និងអ៊ុចធូបសពះបន់ស្រន់បួងសួងសុំសេចក្តីសុខចម្រើន ។
ជារៀងរាល់ឆ្នាំ ឱ្យតែគៀកចូលដល់រដូវបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម គេតែងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរកាត់ចិនជាច្រើន តែងបាននាំគ្នាយកគ្រឿងដង្វាយផ្សេងៗ យកទៅសែនព្រេន ដើម្បីកាត់គ្រោះនៅទីសក្ការះ លើតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ពលរដ្ឋខ្សែស្រឡាយចិនលើកឡើងថា នេះជាការសែនព្រេនតាមទំនៀមទម្លាប់ប្រពៃណីរបស់ដូនតា តាមបែបសាសនាប្រពៃណីចិន ដែលជាការសែនព្រេនកាត់ផ្តាច់នូវគ្រោះចង្រៃចោល និងតបសងមកវិញនូវរឿងល្អៗចូលមកក្នុងជីវិត ទាំងការរស់នៅ ការប្រកបកិច្ចការងារ រួមទាំងការរកស៊ីទទួលទានជាដើម។
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម នឹងប្រព្រឹត្តិទៅរយៈពេល០៤ថ្ងៃ គិតពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបុណ្យនេះ គឺជាពេលវេលាដែលពលរដ្ឋកម្ពុជា មានឈាមជ័រជាប់ខ្សែស្រឡាយកាត់ចិន ក៏នឹងចូលរួមរៀបចំពិធីសែនជូនដូនតា ដើម្បីសុំសេចក្តីសុខសប្បាយ និងសុំពរជ័យឱ្យរកស៊ីទទួលទានកាន់តែរីកចម្រើន តាមបែបលក្ខណះគ្រួសាររៀងៗខ្លួន ៕ អត្ថបទ ៖ លីហេង






