រុស្ស៊ីបាននិយាយថា ខ្លួននឹងគោរពតាមដែនកំណត់ស្តីពីអាវុធនុយក្លេអ៊ែរ ដូចដែលបានកំណត់នៅក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធដែលផុតសុពលភាពជាមួយសហរដ្ឋអាមេរិក ដរាបណាទីក្រុងវ៉ាស៊ីនតោននៅតែបន្តធ្វើដូចគ្នា។

កិច្ចព្រមព្រៀង New START ដែលបានផុតសុពលភាពនៅដើមខែនេះ ដោយទុកឱ្យប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែរធំបំផុតទាំងពីររបស់ពិភពលោកគ្មានការរឹតត្បិតដោយចំណងផ្លូវច្បាប់លើឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់ពួកគេជាលើកដំបូងក្នុងរយៈពេលជាងកន្លះសតវត្សរ៍មកនេះ និងបង្កឱ្យមានការព្រួយបារម្ភនៃការប្រកួតប្រជែងអាវុធសកលថ្មី។

នៅក្នុងសុន្ទរកថាទៅកាន់សភាកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ទីក្រុងមូស្គូមិនប្រញាប់ប្រញាល់ចាប់ផ្តើមអភិវឌ្ឍ និងដាក់ពង្រាយអាវុធបន្ថែមទៀតទេ ដោយនិយាយបកក្រោយពីការលើកឡើងរបស់ក្រសួងលោកកាលពីសប្តាហ៍មុនដែលបាននិយាយថា រុស្ស៊ីចាត់ទុកខ្លួនឯងថាលែងមានចំណងផ្លូវច្បាប់ដោយលក្ខខណ្ឌនៃសន្ធិសញ្ញានោះទៀតហើយ។ លោក Lavrov បាននិយាយថា «យើងបន្តពីការពិតដែលថា ការផ្អាកនេះ ត្រូវបានប្រកាសដោយប្រធានាធិបតីរបស់យើង នៅតែមានសុពលភាព ប៉ុន្តែទាល់តែសហរដ្ឋអាមេរិកមិនធ្វើហួសពីដែនកំណត់ដែលបានបញ្ជាក់»។ លោកនិយាយថា «យើងមានហេតុផលដើម្បីជឿថា សហរដ្ឋអាមេរិកមិនប្រញាប់ប្រញាល់បោះបង់ចោលដែនកំណត់ទាំងនេះទេ ហើយវានឹងត្រូវបានគោរពសម្រាប់អនាគតដែលអាចព្យាករទុកជាមុន»។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានច្រានចោលសំណើពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីគោរពតាមដែនកំណត់ដែលបានដាក់នៅក្នុងសន្ធិសញ្ញា New START សម្រាប់រយៈពេលមួយឆ្នាំទៀត ដោយនិយាយថា លោកចង់បានសន្ធិសញ្ញា «ថ្មី ប្រសើរ និងធ្វើបច្ចុប្បន្នភាព» ជាជាងការបន្ថែមលើសន្ធិសញ្ញាចាស់។ រុស្ស៊ីក៏បានបង្ហាញថា ខ្លួនចង់ចុះកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធថ្មីផងដែរ។