រដ្ឋាភិបាលប្រទេសអ៊ីតាលី បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ថ្មីមួយដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ដែលគ្មានឯកសារ រួមទាំងការប្រើប្រាស់កងទ័ពជើងទឹកដើម្បីរារាំងទូកដឹកជនអន្តោប្រវេសន៍ចូលទៅក្នុងប្រទេស។

គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីអភិរក្សនិយមអ៊ីតាលី លោកស្រី Giorgia Meloni បានអនុម័តសេចក្តីស្នើច្បាប់ការធ្វើអន្តោប្រវេសន៍កាលពីថ្ងៃពុធ។ គណៈរដ្ឋមន្ត្រីក៏អំពាវនាវឱ្យមានការឃ្លាំមើលនៅព្រំដែនកាន់តែតឹងរ៉ឹង និងពង្រីកបញ្ជីនៃការកាត់ទោសជនបរទេសដែលអាចត្រូវបានបណ្តេញចេញ។
មុនពេលចូលជាធរមាន សេចក្តីស្នើច្បាប់នេះត្រូវតែបានអនុម័តដោយសភាទាំងពីរ។ ចំណុចសំខាន់ដ៏ចម្រូងចម្រាសបំផុតនោះ អនុញ្ញាតឱ្យអាជ្ញាធរកងទ័ពជើងទឹកដាក់ការបិទផ្លូវរយៈពេល៣០ថ្ងៃនៅសមុទ្រ ប្រសិនបើមាន «ការគំរាមកំហែងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ ឬសន្តិសុខជាតិ»។
ការគំរាមកំហែងបែបនេះអាចរួមមាន «សម្ពាធអន្តោប្រវេសន៍ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងព្រំដែនដោយសុវត្ថិភាព» នេះបើយោងតាមសេចក្តីស្នើច្បាប់។ វាក៏បានលើកឡើងពី «ហានិភ័យជាក់ស្តែង» នៃសកម្មភាពភេរវកម្ម ឬការជ្រៀតចូលក្នុងប្រទេសអ៊ីតាលី គ្រាអាសន្នសុខភាពសកល និងព្រឹត្តិការណ៍អន្តរជាតិកម្រិតខ្ពស់។

