គណៈកម្មការរៀបចំការបោះឆ្នោតថៃប្រឈមនឹងសម្ពាធកាលពីថ្ងៃពុធ១១កុម្ភៈសប្ដាហ៍នេះ ជុំវិញការខ្វះតម្លាភាពក្នុងការរាប់សន្លឹកឆ្នោតនៅទូទាំងមណ្ឌលបោះឆ្នោតជាង១០កន្លែង ក្រោយការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ៨កុម្ភៈសប្ដាហ៍មុន ដែលគណបក្សរបស់លោកនាយករដ្ឋមន្ត្រីចាំផ្ទះ Anutin Charnvirakul ទទួលបានសំឡេងជិត២០០អាសនៈ។

ទន្ទឹមនឹងជិត៩៥%នៃមណ្ឌលបោះឆ្នោត បានរាយការណ៍ លទ្ធផលបណ្ដោះអាសន្នបង្ហាញថា បក្ស ភូមិចៃថៃ(Bhumjaithai Party)នាំមុខក្នុងសំឡេង១៩៣អាសន្ននៃចំនួនអាសន្នសភាសរុប ៥០០។

ភ្លាមៗបន្ទាប់ពីការិយាល័យបោះឆ្នោតបានបិទនៅម៉ោង ៥ ល្ងាច កាលពីថ្ងៃអាទិត្យ សមាជិកសាធារណៈជនបានរាយការណ៍ពីភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោតលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ទាំងនេះរួមមានវីដេអូដែលបង្ហាញពីសន្លឹកឆ្នោតត្រូវបានរាប់នៅក្នុងកន្លែងងងឹត សន្លឹកឆ្នោតដែលមានសុពលភាព បែជាចាត់ទុកថាខូច និងភាពខុសគ្នារវាងតួលេខដែលបានកត់ត្រានៅការិយាល័យបោះឆ្នោត និងតួលេខដែលបានបញ្ចូលទៅក្នុងប្រព័ន្ធអនឡាញរបស់គណៈកម្មការរៀបចំការបោះឆ្នោត។

សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវភាពត្រឹមត្រូវនៃការអះអាងទាំងនោះទេ។
គណបក្សប្រជាជនថៃ ដែលនាំមុខគេក្នុងការស្ទង់មតិមុនការបោះឆ្នោតភាគច្រើន ប៉ុន្តែឈរនៅលំដាប់ទីពីរនៅពីក្រោយគណបក្សភូមិចៃថៃ របស់លោក Anutin បាននិយាយថា ខ្លួនទទួលយកលទ្ធផលនេះ ប៉ុន្តែបានស្វែងរកការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងមណ្ឌលបោះឆ្នោតចំនួន ១៨ កន្លែង។

គណបក្សភឿថៃ (Pheu Thai Party ) ដែលជាប់ចំណាត់ថ្នាក់លេខបី បានគាំទ្រការពិនិត្យឡើងវិញក្នុងតំបន់នានាដែលសាធារណជនបានលើកឡើងពីការសង្ស័យ ខណៈគណបក្សរួបរួមជាតិថៃ (United Thai Nation Party)គាំទ្រដោយយោធា បានអំពាវនាវឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេស។លទ្ធផលនៅពុំទាន់បានបញ្ជាក់ជាផ្លូវការដោយគណៈកម្មការរៀបចំការបោះឆ្នោតនៅឡើយទេ ជាដំណើរការមួយដែលត្រូវតែបញ្ចប់ក្នុងពេល៦០ថ្ងៃនៃការបោះឆ្នោតសកល៕