ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធ (១១ កុម្ភៈ) ថា អ៊ុយក្រែន បានទទួលយកការអញ្ជើញរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើកិច្ចចរចាសន្តិភាពជុំថ្មីមួយនៅសប្តាហ៍ក្រោយនេះ ក្នុងទីក្រុង Miami។

ដំបូងឡើយ លោក Zelenskyy បានប្រាប់សារព័ត៌មាន Bloomberg ថា កិច្ចចរចានេះនឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយសហរដ្ឋអាមេរិក ហើយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ និងទី១៨ ខែកុម្ភៈ ប៉ុន្តែក្រោយមក លោកបានលើកពីភាពមិនច្បាស់លាស់ថា ក៏មានលទ្ធភាពមួយដែរ ដែលថាកិច្ចប្រជុំនេះអាចនឹងត្រូវធ្វើឡើងនៅទីក្រុងអាប៊ូដាប៊ី ដូចកាលលើកមុន ហើយអ៊ុយក្រែន មានឆន្ទៈចូលរួមក្នុងកិច្ចចរចានៅទីណាក៏បាន។
យ៉ាងណាមិញ កិច្ចចរចាទាំងនេះគឺអាស្រ័យលើការយល់ព្រមចូលរួមរបស់រុស្ស៊ី ជាអ្វីដែលអ៊ុយក្រែននិងអាមេរិក មិនទាន់ទទួលបាននៅឡើយទេ។ លោក Zelenskyy បាននិយាយថា «គ្រប់ភាគីកំពុងរង់ចាំការឆ្លើយតបពីរុស្ស៊ី ហើយរហូតមកដល់ពេលនេះ តាមដែលលោកបានដឹង គឺរុស្ស៊ីនៅតែស្ទាក់ស្ទើរ»។
លទ្ធភាពនៃកិច្ចចរចាជុំថ្មីនេះ បានកើតឡើងបន្ទាប់ពីកិច្ចចរចាសន្តិភាពត្រីភាគីជុំទីពីរ កាលពីថ្ងៃទី២៤ ខែមករា រវាងអ៊ុយក្រែន រុស្ស៊ី និងសម្របសម្រួលដោយអាមេរិក នៅទីក្រុងអាប៊ូដាប៊ី របស់អេមីរ៉ាតអារ៉ាប់រួម ដែលជាកិច្ចចរចារយៈពេលពីរថ្ងៃ ក្នុងការជំរុញរបស់ទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅរកដំណោះស្រាយក្នុងសង្គ្រាមទ្រង់ទ្រាយធំរបស់រុស្ស៊ី៕

