កាលពីថ្ងៃពុធ (១១ កុម្ភៈ) សប្ដាហ៍នេះ សភាអឺរ៉ុប បានបោះឆ្នោតអនុម័តឥណទានចំនួន ៩០ ពាន់លានអឺរ៉ូ (ប្រមាណ ១០៧ ពាន់លានដុល្លារអាមេរិក) ឱ្យដល់ប្រទេសអ៊ុយក្រែន ដោយធានាបាននូវតម្រូវការថវិកានិងយោធាយ៉ាងច្រើនរបស់ប្រទេសនេះ សម្រាប់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២៦ និងឆ្នាំ២០២៧ ខណៈសង្គ្រាមរបស់រុស្ស៊ី ខិតកាន់តែជិតដល់គម្រប់ខួបលើកទី៤ របស់ខ្លួន។

កញ្ចប់នេះទទួលបានការឯកភាពដោយមេដឹកនាំប្លុកអឺរ៉ុប តាំងតែពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥មកម្ល៉េះ ប៉ុន្តែការបោះឆ្នោតនៅថ្ងៃពុធនោះ គឺជាជំហានចុងក្រោយក្នុងដំណើរការអនុម័តប្រាក់កម្ចី។ ជំហានបន្ទាប់ ក្រុមប្រឹក្សាអឺរ៉ុប នឹងចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងនេះ ដោយអនុញ្ញាតឱ្យការទូទាត់ចាប់ផ្តើមហូរកាន់ទៅអ៊ុយក្រែន នៅក្នុងខែមេសា ឆ្នាំ២០២៦នេះ។
កញ្ចប់ប្រាក់កម្ចីគាំទ្រអ៊ុយក្រែនមួយនេះ គ្របដណ្តប់ ២ភាគ៣ នៃតម្រូវការរបស់អ៊ុយក្រែន សម្រាប់ឆ្នាំ២០២៦-២០២៧ ហើយកំណត់ថវិកាចំនួន ៣០ពាន់លានអឺរ៉ូ សម្រាប់ការគាំទ្រថវិកាជាតិ និងចំនួន ៦០ ពាន់លានអឺរ៉ូ ទៀតគឺសម្រាប់តម្រូវការយោធា។ នេះជាលើកដំបូងហើយ ដែលសហភាពអឺរ៉ុប នឹងចំណាយប្រាក់យ៉ាងច្រើនបែបនេះទៅលើវិស័យការពារជាតិអ៊ុយក្រែន។ គោលដៅសំខាន់នៃការផ្តល់មូលនិធិនេះ គឺដើម្បីធ្វើសមាហរណកម្មកាន់តែជិតស្និទ្ធនូវមូលដ្ឋានឧស្សាហកម្មយោធាដ៏លំបាករបស់អ៊ុយក្រែន ជាមួយសហភាពអឺរ៉ុប។
ជំហាននេះបានកើតឡើងបន្ទាប់ពីរដ្ឋជាសមាជិកសហភាពអឺរ៉ុប មិនអាចឯកភាពគ្នាលើការប្រើប្រាស់ទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់រុស្ស៊ីដោយផ្ទាល់ ដើម្បីគាំទ្រអ៊ុយក្រែន។ ការប៉ុនប៉ងប្រើប្រាស់សាច់ប្រាក់រុស្ស៊ីចំនួន ២១០ពាន់លានអឺរ៉ូ ដែលបង្កកនៅសហភាពអឺរ៉ុប ភាគច្រើននៅបែលហ្ស៊ិក បានបរាជ័យកាលពីខែធ្នូកន្លងទៅ ដោយសារបណ្ដាមេដឹកនាំប្លុកអឺរ៉ុប មិនអាចបញ្ចុះបញ្ចូលនាយករដ្ឋមន្ត្រីបែលហ្ស៊ិកបាន ខណៈបែលហ្ស៊ិក បារម្ភពីការសងសឹករបស់រុស្ស៊ី៕

