រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ិកស៊ិក លោក David Kershenobich បាននិយាយកាលពីថ្ងៃពុធ (១១ កុម្ភៈ) ថា មនុស្សយ៉ាងតិច ២៨នាក់ នៅក្នុងប្រទេសនេះ បានស្លាប់ដោយសារការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលដែលបានចាប់ផ្តើមនៅឆ្នាំ២០២៥។ រហូតមកដល់ពេលនេះ អាជ្ញាធរបានចុះបញ្ជីករណីឆ្លងចំនួន ៩.០៧៤ ករណី នេះបើយោងតាមទិន្នន័យផ្លូវការដែលបានផ្តល់ក្នុងសន្និសីទសារព័ត៌មានមួយ។

ម៉ិកស៊ិក មានវ៉ាក់សាំងកញ្ជ្រឹលចំនួន ២៨ លានដូស ដើម្បីចែកចាយ ដែលប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum និយាយថា «គ្រប់គ្រាន់ហើយ ថែមទាំងនឹងនៅសល់ខ្លះទៀតផង»។ ទាក់ទងនឹងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ដែលម៉ិកស៊ិកនឹងធ្វើជាម្ចាស់ផ្ទះរួមគ្នាជាមួយសហរដ្ឋអាមេរិកនិងកាណាដា លោកស្រី Sheinbaum បាននិយាយថា សម្រាប់ពេលនេះ ពុំមានវិធានការវិសាមញ្ញណាមួយត្រូវបានពិចារណាសម្រាប់ព្រឹត្តិការណ៍នេះទេ។
ការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅម៉ិកស៊ិក បានចាប់ផ្តើមកាលពីឆ្នាំមុន នៅភាគខាងជើងរដ្ឋ Chihuahua បន្ទាប់ពីកុមារម្នាក់នៅសហគមន៍ Mennonite បានធ្លាក់ខ្លួនឈឺ ខណៈពេលទៅលេងសាច់ញាតិនៅតំបន់មួយនៃរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក ជាទីដែលកំពុងរងការផ្ទុះឡើងនៃជំងឺនេះ។
ករណីឆ្លងបានបន្តកើនឡើងខ្លាំងក្នុងសហគមន៍ Mennonite — ដែលមានអត្រាខ្ពស់នៃអ្នកស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង — ហើយបានរាលដាលទូទាំងប្រទេសម៉ិកស៊ិក ដែលជាការផ្ទុះឡើងដ៏ធំបំផុតរបស់ប្រទេសនេះក្នុងពេលជាច្រើនទសវត្សរ៍។ ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលដែលកាន់តែខ្លាំងឡើងទូទាំងទ្វីបអាមេរិក មានទំនាក់ទំនងទៅនឹងការធ្លាក់ចុះនៃអត្រាចាក់វ៉ាក់សាំង៕

