ភ្នំពេញ៖ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីកំណែចុងក្រោយនៃផែនការយុទ្ធសាស្ត្រ ទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងទៅអន្តរក្រសួងពាក់ព័ន្ធចំនួន១៥ ដើម្បីពិនិត្យនិងសម្រចជាលើកចុងក្រោយ។
ក្នុងកិច្ចប្រជុំកាលពីល្ងាចថ្ងៃទី១៧ មីនា ឆ្នាំ២០២២កន្លងទៅ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំផែនការយុទ្ធសាស្ត្រនេះឡើង គឺដើម្បីជ្រើសរើសទំនិញនាំចេញសក្ដានុពល ដោយប្រើប្រាស់ទីផ្សារដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។
លើកឡើងក្នុងអង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ ក្រុមការងារបានផ្ដោតទៅលើការសិក្សាលើមុខទំនិញអាទិភាពចំនួន ១០មុខមុនគេ រួមមាន៖ ស្រូវអង្ករ ដំឡូងមី ចេក មៀនប៉ៃលិន ស្វាយ ស្វាយចន្ទី សាច់ កៅស៊ូធម្មជាតិ ម្នាស់ និងម្រេច និងការទាក់ទាញអ្នកវិនិយោគធ្វើជាមូលដ្ឋាន ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងទៀត។
ឯកឧត្តម បានជំរុញឱ្យក្រុមការងារខិតខំបញ្ចប់ការងាររៀបចំផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះឱ្យបានឆាប់ជាមួយអន្តរក្រសួង ព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់បានចូលជាធរមាននៅដើមឆ្នាំ២០២២ ហើយច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ក៏ត្រូវបានព្រះមហាក្សត្របានឡាយព្រះហស្តលេខា ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅ ហើយនឹងត្រូវចូលជាធរមានក្នុងពេលឆាប់ខាងមុខនេះផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អក្នុងការសិក្សា និងចងក្រងឯកសារដ៏មានសារសំខាន់នេះ សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅរួមចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕អត្ថបទ៖ ឈិត បូរ៉ាវី