ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានអញ្ជើញចូលរួមជាកិត្តិយសនិងថ្លែងបទអន្តរាគមន៍ក្នុងពិធីប្រកាសបើកជាផ្លូវការនូវ «កម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្តីពីបម្រែបម្រួលអាកាសធាតុ សម្រាប់សភាជាសមាជិកអន្តរសភាអាស៊ាន (AIPA)» នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ពិធីបើកកម្មវិធីកម្រិតតំបន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ Maria Rachel J. Arenas ប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាហ្វីលីពីននិងឯកឧត្តម បណ្ឌិត ចែម វិឌ្យ៉ា អគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA)។ វេទិកានេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងសភានៃសាធារណរដ្ឋហ្វីលីពីន និង អន្តរសភា អាស៊ាន(AIPA) ដោយមានការគាំទ្រពីមូលនិធិ Tara Climate Foundation។
កម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្តីពីបម្រែបម្រួលអាកាសធាតុមានគោលបំណងពង្រឹងសមត្ថភាពដល់សមាជិកសភាក្នុងតំបន់អាស៊ាន លើការរៀបចំច្បាប់ និងគោលនយោបាយឆ្លើយតបនឹងវិបត្តិអាកាសធាតុនិងជំរុញកិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បីឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងសេដ្ឋកិច្ចបៃតង។
គួររំលឹកផងដែរថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របពេលជាមួយនឹងវគ្គបណ្តុះបណ្តាលសភាស្តីពី «នីតិប្បញ្ញត្តិ និងវិធានការគោលនយោបាយដើម្បីបង្ការ និងប្រឆាំងនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗសម្រាប់គោលបំណងភេរវកម្ម» ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។
តាមរយៈវត្តមានរបស់ឯកឧត្តមបណ្ឌិត លី ឆេង ក្នុងព្រឹត្តិការណ៍អន្តរជាតិទាំងពីរនេះបានឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសកម្ម និងការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជា ជាពិសេសស្ថាប័នរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកល ចាប់ពីវិបត្តិប្រែប្រួលអាកាសធាតុ រហូតដល់សន្តិសុខបច្ចេកវិទ្យាក្នុងក្របខ័ណ្ឌអាស៊ាន និងសកលលោក៕



