រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃពុធថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានវាយប្រហារគោលដៅយោធាអ៊ុយក្រែនចំនួន១៤១កន្លែង រួមទាំងតំបន់ដាក់ពង្រាយយោធាជាច្រើនកន្លែង ខណៈអ៊ុយក្រែនក៏បានអះអាងថាបានវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី និងគោលដៅយោធាផ្សេងទៀតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។

យោងតាមការប្រកាសកាលពីថ្ងៃពុធដោយក្រសួងការពារជាតិរុស្ស៊ី កងកម្លាំងរុស្ស៊ីបានវាយប្រហារទីតាំងផលិតថាមពល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងតំបន់ដាក់ពង្រាយយោធារបស់កងទ័ពនិងទាហានស៊ីឈ្នួលអ៊ុយក្រែនក្នុងរយៈពេលមួយថ្ងៃកន្លងទៅនេះ ហើយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យានដ្រូនរបស់អ៊ុយក្រែនចំនួន៤៥៨ គ្រឿង។

នៅថ្ងៃដដែលនោះ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា កងកម្លាំងអ៊ុយក្រែន បានវាយប្រហាររោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅក្នុងតំបន់ Volgograd របស់រុស្ស៊ី ទីតាំងស្តុកទុកប្រេងឥន្ធនៈមួយកន្លែងនៅតំបន់គ្រីម៉េ និងឃ្លាំងមួយកន្លែងទៀតនៅតំបន់ Zaporizhzhia ភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន។ ការវាយប្រហារទាំងនេះ ក៏បានកំណត់គោលដៅនៅតំបន់ប្រមូលផ្តុំយោធារុស្ស៊ី ស្ថានីយ៍គ្រប់គ្រងយានដ្រូន និងប៉ុស្តិ៍ទីបញ្ជាការ។