ភ្នំពេញ៖ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង បន្តកើនឡើង ដោយក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ មានកំណើនប្រមាណ ២៣ភាគរយ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រំពឹងចូលជាធរមាននៅពេលឆាប់ៗខាងមុខ។
យោងតាមរបាយការណ៍ស្ថិតិពាណិជ្ជកម្មរបស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ចេញផ្សាយកាលពីពេលថ្មីៗនេះ ចាប់ពីខែមករាដល់ខែកុម្ភៈ កម្ពុជានាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង មានទឹកប្រាក់ប្រមាណ ជាង៦៤លានដុល្លារ ធ្លាក់ចុះ ០,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែកកម្ពុជា នាំចូលទំនិញពីប្រទេសកូរ៉េខាងត្បូងមកវិញ មានតម្លៃប្រមាណ ១៣០លានដុល្លារ កើនឡើង ៣៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង ដែលប្រទេសទាំងពីរ បានចុះហត្ថលេខាកាលពីចុងឆ្នាំ២០២១ ត្រូវបានរំពឹងថា នឹងដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដោយកម្ពុជា បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ កាលពីមករាកន្លងទៅ។
កិច្ចព្រមព្រៀងនេះ នឹងជំរុញការនាំចេញ បង្កើនផលិតផលក្នុងស្រុកសរុប បង្កើនឱកាសការងារ និងជួយពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចទាំងពីរដែលរងផលប៉ះពាល់ដោយ Covid-19 ។ ប្រទេសទាំងពីរ ក៏អាចពង្រីកទីផ្សារសេរីភាវូបនីយកម្មពាណិជ្ជកម្មបន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
ទំនិញសំខាន់ៗកម្ពុជានាំចេញទៅប្រទេសកូរ៉េខាងត្បូង មានដូចជាផលិតផលស្បែកជើង និងសំលៀកបំពាក់ជាចម្បង ផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់អគ្គិសនី និងអេឡិចត្រូនិក កៅស៊ូ ឱសថ និងផលិតផលកសិកម្ម។
កាលពីឆ្នាំ២០២១ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានតម្លៃ ៩៦៥លានដុល្លារ កើនពី ៨៥៥លានដុល្លារ ក្នុងឆ្នាំ២០២០។ ក្នុងនោះ កម្ពុជានាំចេញទៅកាន់កូរ៉េខាងត្បូង មានទឹកប្រាក់សរុបប្រមាណ ៣៤១លានដុល្លារ មានកំណើនប្រមាណជាង៧ភាគរយ៕
អត្ថបទ៖ វណ្ណៈ



