ប្រភពយោធាស៊ីរីពីរ បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃពុធថា កងកម្លាំងអាមេរិក បានដកចេញទៅកាន់ប្រទេសហ្ស៊កដានីពីមូលដ្ឋានយោធា Al-Tanf របស់ប្រទេសស៊ីរី ជាកន្លែងដែលពួកគេត្រូវបានដាក់ពង្រាយជាផ្នែកមួយនៃក្រុមចម្រុះអន្តរជាតិប្រឆាំងនឹងក្រុមភេរវករដេស (Daesh)។

ប្រភពមួយបាននិយាយថា៖«កងកម្លាំងអាមេរិកបានដកចេញទាំងស្រុងពីមូលដ្ឋាន Al-Tanf នៅថ្ងៃពុធ ហើយបានទៅឈរជើងនៅទីតាំងមួយផ្សេងទៀត ក្នុងប្រទេសហ្ស៊កដានី ដោយបន្ថែមថា កងកម្លាំងស៊ីរី កំពុងត្រូវបានដាក់ពង្រាយ ដើម្បីជំនួសពួកគេ។

ប្រភពទី២ បានបញ្ជាក់ពីការដកកងកម្លាំងចេញនេះ ដោយបន្ថែមថា ជនជាតិអាមេរិក បានរុះរើយកគ្រឿងយុទ្ធោបករណ៍ចេញពីមូលដ្ឋាននេះ អស់រយៈពេល ១៥ថ្ងៃ កន្លងមកហើយ។
ប្រភពដដែល បាននិយាយថា កងទ័ពអាមេរិកនឹង «បន្តសម្របសម្រួលជាមួយមូលដ្ឋានយោធា Al-Tanf ពីប្រទេសហ្ស៊កដានី»។
ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលស៊ីរី និងការប្រយុទ្ធប្រឆាំងនឹងក្រុម Daesh កងកម្លាំងអាមេរិក ត្រូវបានដាក់ពង្រាយនៅភាគឦសានដែលគ្រប់គ្រងដោយជនជាតិឃើដរបស់ប្រទេសស៊ីរី និងនៅមូលដ្ឋាន Al-Tanf ជិតព្រំដែនជាមួយប្រទេសហ្ស៊កដានី និងអ៊ីរ៉ាក់។
កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយជនជាតិឃើដ គឺជាដៃគូដ៏សំខាន់មួយរបស់ក្រុមចម្រុះប្រឆាំងក្រុម ISIS ហើយបានចូលរួមក្នុងការធ្វើឲ្យក្រុមនេះបរាជ័យនៅក្នុងទឹកដីប្រទេសស៊ីរី ក្នុងឆ្នាំ ២០១៩៕