អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បាននិយាយថា រុស្ស៊ីនឹងឆ្លើយតបទៅនឹងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់។

លោកបានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Izvestia daily ថា៖« ប្រសិនបើពួកគេជ្រើសរើសដើរតាមមាគ៌ានៃការកសាងសមត្ថភាពយោធាប្រឆាំងនឹងរុស្ស៊ី ពួកគេគួរតែយល់ថា យើងនឹងបង្កើតសមត្ថភាពប្រឆាំងកម្លាំងស្មើៗគ្នា ឬមានប្រសិទ្ធភាពជាងនេះ ហើយជំនួសឲ្យតុល្យភាពនៃការអត់ធ្មត់ខាងយោធា ដែលសមហេតុផល និងគិតគូរពីផលប្រយោជន៍ជាតិ និងសន្តិសុខរបស់គ្រប់ភាគីទាំងអស់ នឹងមានតុល្យភាពនៃការគំរាមកំហែង និងការប្រឆាំង»។

យោងតាមអ្នកការទូតជាន់ខ្ពស់រុស្ស៊ីរូបនេះ ប្រទេសនេះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីបញ្ហានៃការដាក់ពង្រាយមីស៊ីល នៅក្នុងប្រទេសអាល្លឺម៉ង់។ លោកបានកត់សម្គាល់ថា៖«យើងមិនដែលព្យាយាមគេចវេះការពិភាក្សាបែបនេះទេ ប៉ុន្តែនៅពេលដែលអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម រឿងដំបូងដែលយើងបានធ្វើ គឺប្រកាសផ្អាកការដាក់ពង្រាយមីស៊ីលបែបនេះ។ យើងបាននិយាយថា យើងនឹងមិនដាក់ពង្រាយប្រព័ន្ធបែបនេះទេ ដរាបណាប្រព័ន្ធអាមេរិក មិនត្រូវបានដាក់ពង្រាយទៅកាន់អឺរ៉ុប។ នោះហើយ គឺជាចំណុចសំខាន់»។ «តើមានអ្វីទៀតដែលអាចធ្វើបាន? ប្រសិនបើពួកគេជាអ្នកនយោបាយដែលមានការទទួលខុសត្រូវ ហើយពិតជាយកចិត្តទុកដាក់ចំពោះផលប្រយោជន៍សន្តិសុខរបស់ប្រទេសរបស់ពួកគេ ពួកគេគួរតែនិយាយថា ជាការពិត យើងនឹងធ្វើសកម្មភាពបែបនេះ»។
ទោះជាយ៉ាងណាក៏ដោយ លោកបានលើកឡើងថា អារម្មណ៍និយមជ្រុលនិយម នៅតែមាន នាពេលបច្ចុប្បន្ន។ លោក Grushko បានសង្កត់ធ្ងន់ថា៖ «អ្វីដែលអឺរ៉ុបកំពុងធ្វើឥឡូវនេះ គឺកំពុងព្យាយាមកសាងសន្តិសុខប្រឆាំងនឹងរុស្ស៊ី»៕