បាល់ទាត់៖ ក្រុមយក្សអេស្ប៉ាញ Real Madrid បានឈានឡើងវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ជាលើកដំបូងក្នុងរយៈពេល ៣រដូវកាលចុងក្រោយនេះ បន្ទាប់ពីជ័យជំនះលើក្រុមអ៊ីតាលី Atalanta ៣-១ ជើងទី២ យប់មិញ។

បន្ទាប់ពីឈ្នះជើងទី១ នៅទឹកដីអ៊ីតាលី ១-០ ក្រុមរបស់លោក Zinedine Zidane បានបន្តបង្ហាញទំរង់លេងល្អក្នុងជើងទី២ នេះដោយរកបានគ្រាប់នាំមុខបន្ថែមនៅនាទីទី៣៤ ដោយ Karim Benzema។ វគ្គទី២ Real Madrid បន្តគ្របដណ្តប់លើ Atalanta បន្ទាប់ពី Sergio Ramos ស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទីទី៦០ មុនពេលដែល Atalanta តបបាន ១គ្រាប់វិញនៅនាទីទី៨៣ ដោយ Luis Muriel។ តែបានត្រឹម ១នាទី Real Madrid ក៏បន្ថែម ១គ្រាប់ទៀតនៅនាទីទី៨៤ ដោយ Marco Asensio។

ចប់ការប្រកួត Real Madrid យកឈ្នះ Atalanta ៣-១ ក្នុងជើងទី២ នេះ និង ៤-១ សរុបទាំងពីរជើង។ Real Madrid ដែលឈ្នះជើងឯក Champions League ៤លើកក្នុង ៥រដូវកាល ២០១៤ ដល់ ២០១៨ បានធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ២រដូវកាលជាប់គ្នាពោលគឺឆ្នាំ២០១៩ ធ្លាក់ដោយសារ Ajax Amsterdam និង ២០២០ ធ្លាក់ដោយសារ Manchester City៕
អត្ថបទ៖នាង សុភាវុធ