ភ្នំពេញ៖ សមាគមជាតិ អន្តរជាតិ និងអាជីវកម្មនានាក្នុងវិស័យទេសចរណ៍ បានសម្តែងការអបអរសាទរ និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសលើកលែងការធ្វើតេស្តPCR គ្មានការធ្វើចត្តាឡីស័ក និងបានបើកធ្វើ VISA ជូនភ្ញៀវអន្តរជាតិនៅពេលមកដល់ព្រំដែនកម្ពុជា ឬហៅ VISA on Arrivals ។
បើតាម លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA បានថ្លែងប្រាប់BTV នៅថ្ងៃទី១៨ ខែមីនានេះថា សម្រាប់គោលនយោបាយថ្មីលើការបើកប្រទេស និងការទទួលភ្ញៀវអន្តរជាតិនៅពេលនេះ គឺបានធ្វើអោយក្រុមហ៊ុនទេសចរណ៍ជាង ២០០ក្រុមហ៊ុន សប្បាយចិត្តខ្លាំង ហើយយើងរំពឹងថា ភ្ញៀវទេសចរអន្តរជាតិ នឹងមានផ្តោត ឬអាចថា នឹងមានកក់ទិញកញ្ចប់ទេសចរណ៍មកទស្សនាការកម្ពុជា កាន់តែច្រើនថែមទៀត។
ជាមួយគ្នាលោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិច PATA ប្រចាំនៅកម្ពុជា បានថ្លែងថា ការប្រកាសផ្លូវការសម្តេចតេជោ លើការលើកលែងការធ្វើតេស្តPCR គ្មានការធ្វើចត្តាឡីស័ក និងបើក VISA on Arrivalsនេះ នឹងជំរុញកកំណើនភ្ញៀវទេសចរអន្តរជាតិនៅក្នុងតំបន់អាស៊ានមកទស្សនាកម្ពុជាកាន់តែច្រើន ប៉ុន្តែសម្រាប់ភ្ញៀវអន្តរជាតិនៅក្រៅតំបន់ គឺយើងមិនទាន់មានការរំពឹងខ្លាំងនោះ ដោយសារវិបត្តិសង្គ្រាមនៅរ៉ុស្ស៊ី និងអ៊ុយក្រែន នៅបន្តអូសបន្លាយ ដែលបានបានធ្វើអោយប្រេងសាំង និងតំលៃទំនិញពាក់ព័ន្ធនានាទៀត មានការឡើងថ្លៃ។
ឯកឧត្តម តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ពន្យល់ថា គោលការណ៍ថ្មីរបស់កម្ពុជានេះ គឺធ្វើអោយភ្ញៀវបរទេសដែលមកកម្ពុជា ទទួលបានការចំណេញច្រើន ពិសេសការចំណេញពេលវេលា និងថវិកាលើការធ្វើVISA ស្នាក់នៅដើរទស្សនាកម្ពុជា។
នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើកឡើងថា ចំពោះការផ្តល់ទិដ្ឋាការនៅពេលមកដល់ ឬ (Visa on Arrival) មន្រ្តីអន្តោប្រវេសន៍គ្រប់ច្រកព្រំដែនគឺត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២តទៅ។ ក្នុងន័យនេះ ចំពោះអ្នកដំណើរដែលមិនបានស្នើសុំទិដ្ឋាការជាមុន មន្រ្តីនឹងពិនិត្យផ្តល់ជូននៅពេលមកដល់។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី ១ មីនា ដល់ថ្ងៃទី១៦មីនា ២០២២ អ្នកដំណើរអន្តរជាតិ បានឆ្លងដែនចូលមកកម្ពុជាតាមច្រកអាកាសយានដ្ឋានអន្តរជាតិ មានចំនួន ១៩,៣៧៦ នាក់ ជាមធ្យមគឺមានប្រមាណ ១២០០នាក់ក្នុង១ថ្ងៃ ហើយច្រកព្រំដែនគោក មានចំនួន ៧,៥០៨ នាក់ ជាមធ្យមគឺមានជាង ៤០០នាក់ក្នុង១ថ្ងៃ៕ អត្ថបទ ស៊ុម សុខជា