រដ្ឋបាលអន្តោប្រវេសន៍ជាតិរបស់ប្រទេសចិន(NIA) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដូវកាលបុណ្យចូលឆ្នាំចិនរយៈពេល៩ថ្ងៃខាងមុខនេះត្រូវបានគេរំពឹងថានឹងមានការធ្វើដំណើរចូលនិងចេញជាមធ្យមជាង២,០៥លានដំណើរជាកំណត់ត្រាខ្ពស់រាល់ថ្ងៃតាមរយៈកំពង់ផែនានារបស់ប្រទេស ដែលបង្ហាញពីការកើនឡើង១៤,១ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រដ្ឋបាលអន្តោប្រវេសន៍ជាតិ NIA រំពឹងថាកម្រិតខ្ពស់នៃការធ្វើដំណើរចេញទៅក្រៅនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ជាការចាប់ផ្តើមនៃរដូវកាលវិស្សមកាលផ្លូវការរយៈពេល៩ថ្ងៃ ខណៈក្រុមគ្រួសារចេញដំណើរវិស្សមកាល។ ការធ្វើដំណើរចូលមកវិញ ត្រូវបានគេរំពឹងថានឹងនៅថ្ងៃទី២២ និង២៣ ខែកុម្ភៈ ជាពីរថ្ងៃចុងក្រោយនៃវិស្សមកាល ខណៈអ្នកដំណើរវិលត្រឡប់ទៅលំនៅឋានវិញ។

រដ្ឋបាលអន្តោប្រវេសន៍ជាតិ NIA និយាយថា ខ្លួននឹងបង្កើនការសម្របសម្រួលជាមួយអាជ្ញាធរត្រួតពិនិត្យព្រំដែន និងអាជ្ញាធរដឹកជញ្ជូនក្នុងតំបន់ដើម្បីគ្រប់គ្រងលំហូរអ្នកដំណើរប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេលមានមនុស្សច្រើនកុះករ និងផ្តល់ការគាំទ្រការដឹកជញ្ជូនដ៏ទូលំទូលាយដោយធានារួមគ្នានូវសុវត្ថិភាព ប្រសិទ្ធភាព និងដោយរលូននៅទូទាំងកំពង់ផែនានារបស់ប្រទេស។
ពិធីបុណ្យនិទាឃរដូវ ដែលត្រូវបានគេស្គាល់ថាជាពិធីបុណ្យចូលឆ្នាំចិន នឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែកុម្ភៈនៅឆ្នាំនេះ។ វាគឺជាឱកាសប្រចាំឆ្នាំដ៏រីករាយបំផុតសម្រាប់ការជួបជុំគ្រួសារ និងការធ្វើដំណើរកម្សាន្តវិស្សមកាលនៅប្រទេសចិន។
