ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ (UN) លោក Mike Waltz បាននិយាយកាលពីថ្ងៃពុធ (១១ កុម្ភៈ) ថា សហរដ្ឋអាមេរិក នឹងបន្តដាក់សម្ពាធលើអង្គការពិភពលោកមួយនេះ ឱ្យធ្វើកំណែទម្រង់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ដកខ្លួនចេញពីទីភ្នាក់ងារអ.ស.ប រាប់សិបស្ថាប័ន និងកាត់បន្ថយថវិការាប់លានដុល្លារកាលពីឆ្នាំមុន។ លោក Waltz ក៏បានបញ្ជាក់ជាថ្មីថា ការទូទាត់ប្រាក់ដំបូងពីទីក្រុងវ៉ាស៊ីនតោន ទៅឱ្យអ.ស.ប នឹងមកដល់ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។ ក្រុមមន្រ្តីអ.ស.ប បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានជំពាក់ថវិកាវិភាគទានរបស់ខ្លួនដល់ទៅរាប់ពាន់លានដុល្លារ។

អាមេរិក គឺជាអ្នករួមចំណែកធំបំផុតដល់ថវិកាអ.ស.ប ប៉ុន្តែក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump អាមេរិកបានបដិសេធមិនធ្វើការទូទាត់ជាកាតព្វកិច្ចដល់ថវិកាធម្មតា និងថវិកាកងរក្សាសន្តិភាពរបស់អ.ស.ប ឡើយ ហើយបានកាត់មូលនិធិជាច្រើនដល់ភ្នាក់ងារនានារបស់អ.ស.ប។
ក្រុមមន្ត្រីអ.ស.ប បាននិយាយថា អាមេរិក ជំពាក់ប្រាក់ចំនួន ២,១៩ ពាន់លានដុល្លារ ដល់ថវិកាធម្មតារបស់អង្គការមួយនេះ គិតត្រឹមដើមខែកុម្ភៈ ដែលច្រើនជាង ៩៥% នៃចំនួនសរុបដែលប្រទេសនានាជំពាក់នៅទូទាំងពិភពលោក។ អាមេរិក ក៏ជំពាក់ប្រាក់ចំនួន ២,៤ ពាន់លានដុល្លារ បន្ថែមទៀតសម្រាប់បេសកកម្មរក្សាសន្តិភាពបច្ចុប្បន្ននិងអតីតកាល ព្រមទាំងប្រាក់ ៤៣,៦ លានដុល្លារសម្រាប់តុលាការរបស់ UN ផងដែរ។
ថ្លែងនៅទីក្រុងហ្សឺណែវ លោក Waltz មិនបានបញ្ជាក់លម្អិតឡើយថា តើអ.ស.ប នឹងទទួលបានថវិកាប៉ុន្មាន ប៉ុន្តែបាននិយាយថា អាមេរិក នឹងបង់ចំណែកប្រាក់ដែលពន្យារពេលរបស់ខ្លួន និងកំពុងជំរុញឱ្យអង្គការនេះធ្វើកំណែទម្រង់។ កាលពីខែមករាកន្លងទៅ លោក Trump បានប្រកាសដកខ្លួនចេញពីអង្គការអន្តរជាតិ និងអង្គភាពរបស់អ.ស.ប រាប់សិបស្ថាប័ន ដោយនិយាយថា ពួកគេបានធ្វើប្រតិបត្តិការផ្ទុយពីផលប្រយោជន៍ជាតិរបស់អាមេរិក៕

