យោងតាមសមាគមវេជ្ជបណ្ឌិតប្រទេសស៊ូដង់បានឲ្យដឹងថា ការវាយប្រហារដោយយានដ្រូនទៅលើវិហារអ៊ីស្លាមមួយកន្លែងនៅប្រទេសស៊ូដង់ភាគកណ្តាលបានសម្លាប់កុមារ៣នាក់ និងរងរបួស១៣នាក់ផ្សេងទៀត ក្នុងពេលមានការកើនឡើងការវាយប្រហារស្រដៀងគ្នានៅទូទាំងតំបន់។

បណ្តាញវេជ្ជបណ្ឌិតស៊ូដង់បាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងកាលពីថ្ងៃពុធដោយកងកម្លាំងគាំទ្ររហ័ស(RSF) ជាក្រុមយោធាប៉ារ៉ាដែលចូលធ្វើសង្គ្រាមស៊ីវិលរយៈពេលបីឆ្នាំជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់។
ក្រុមវេជ្ជបណ្ឌិតបាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា កុមារទាំងនោះកំពុងសិក្សាគម្ពីរកូរ៉ាននៅវិហារអ៊ីស្លាមមួយកន្លែងក្នុងរដ្ឋ North Kordofan នៅពេលនោះ អគារវិហារត្រូវបានវាយប្រហារដោយយានដ្រូនដែលជា «ការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងច្បាស់លាស់ និងជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើទីគោរពបូជា»។
ក្រុមវេជ្ជបណ្ឌិតនិយាយថា «ការកំណត់គោលដៅលើកុមារនៅក្នុងវិហារអ៊ីស្លាម គឺជាឧក្រិដ្ឋកម្មដែលប្រព្រឹត្តយ៉ាងពេញលេញមិនអាចចាត់ទុកថាជាសុចរិតក្រោមលេសណាមួយឡើយ ហើយបានបង្ហាញពីការកើនឡើងដ៏គ្រោះថ្នាក់នៅក្នុងទម្រង់នៃការរំលោភបំពានដដែលៗទៅលើជនស៊ីវិល»។
