អ៊ុយក្រែន៖ ប្រជាជនទីក្រុង Mariupol របស់អ៊ុយក្រែនដែលត្រូវបានឡោមព័ទ្ធ នៅតែបន្តព្យាយាមគេចពីគ្រាប់ផ្លោងរបស់រុស្ស៊ី។ ខណៈការប្រយុទ្ធគ្នានៅក្នុងទីក្រុងនៅតែបន្ត ប្រជាជនបានចាប់ផ្តើមជម្លៀសខ្លួនកាលពីថ្ងៃព្រហស្បតិ៍ តាមរយៈតំបន់មួយដែលគ្រប់គ្រងដោយកងកម្លាំងសាធារណរដ្ឋប្រជាមានិត Donetsk ដែលប្រកាសខ្លួនឯង។

ប្រជាជនទីក្រុង Mariupol គ្មានអគ្គិសនី ហ្គាស និងទឹកសម្រាប់ការប្រើប្រាស់ ឬទំនាក់ទំនងនោះទេ។ ហាងទំនិញនានាត្រូវបានបំផ្លាញ ឬដុតកំទេច ហើយប្រជាជនកំពុងព្យាយាមដណ្តើមយករបស់ដែលនៅសេសសល់ នៅក្នុងឃ្លាំងអាហារក្នុងទីក្រុង។ ជនភៀសខ្លួនអ៊ុយក្រែនបានបន្តឆ្លងចូលទៅប្រទេសម៉ុលដូវ៉ាកាលពីថ្ងៃព្រហស្បតិ៍ ខណៈការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែននៅបន្ត។ ចំនួនប្រជាជនដែលបានចុះឈ្មោះកាលពីថ្ងៃព្រហស្បតិ៍ មានចំនួនតិចជាងមុនបើប្រៀបធៀបកាលពីក្នុងអំឡុងពេលចាប់ផ្តើមជម្លោះរុស្ស៊ី-អ៊ុយក្រែន។ គ្រួសារជនភៀសខ្លួនជាច្រើនបានទៅដល់តំបន់ Palanca ប្រទេសម៉ុលដូវ៉ាមកពីទីប្រជុំជន Mykolayv ភាគខាងត្បូងប្រទេសអ៊ុយក្រែនដែលថ្មីៗនេះត្រូវបានបាញ់ផ្លោងដាក់៕
អត្ថបទ៖ ប៊ុនថន